រុស្សីបង្កើតបានផលិតអត្តពលិកលំដាប់ពិភពលោកជាច្រើន ប៉ុន្តែសាធារណរដ្ឋ Dagestan ដែលស្ថិតនៅភាគខាងជើងតំបន់ Caucasus នៃប្រទេសរុស្សីជាទឹកដីបណ្ដុះបណ្ដាលបានអត្តពលិកដ៏មានទេពកោសល្យនិងជំនាញខាងក្បាច់កីឡាប្រយុទ្ធផងដែរ។

Dagestan គឺជាទីកំណើតនៃកីឡាករចំបាប់ជើងឯកអូឡាំពិកជាច្រើន និង ជាជើងឯកគុនចម្រុះផង ហើយក្រៅពីនោះអត្តពលិកមួយចំនួនក៏បានឡើងប្រកួតសង្វៀនអន្តរជាតិ ONE Championship។

ខាងក្រោមនេះជាជើងខ្លាំងមកពី Dagestani ដែលបង្កើតជ័យជម្នះល្អបំផុតនៅសង្វៀនអន្តរជាតិ ONE៖

១- Ramazanov ផ្ដួល Topic ឲ្យដួលបីដង

Alaverdi “Babyface Killer” Ramazanov បានធ្វើឲ្យអ្នកគាំទ្ររំភើបមិនស្ទើរនៅកម្មវិធី ONE: DREAMS OF GOLD។ កីឡាករមកពីតំបន់ Dagestan រូបនេះតតាំងនឹង Ognjen Topic នៅសង្វៀន Impact Arena នាក្រុងបាងកក និង ធ្វើឲ្យកីឡាករកូនកាត់ស៊ែប-អាមេរិក ដួលរហូតដល់៣ដងនៅទឹកទីមួយៗ មុនទទួលបានជ័យជម្នះល្អបំផុតក្នុងអាជីព។ បន្ទាប់ពីដួលលើកលើក១ដោយការធាក់ កីឡាករ Ramazanov បានកៀង Topic ទៅក្បែររេញហើយចូលទៅម៉ាត់ឲ្យដួលម្ដងទៀតជាលើកទី២។ លើកទី៣ គឺ ធ្ងន់ខ្លាំងពេលម៉ាត់ឲ្យ Topic អុកគូថជាថ្មីនិងត្រូវឲ្យអាជ្ញាកណ្ដាលបញ្ឈប់តែម្ដងក្រោយដួល៣ដងក្នុងមួយទឹក។

២- Yusupov ផ្ដួល “The Boxing Computer”ឲ្យសន្លប់

Jamal “Kherow” Yusupov ធ្វើឲ្យកក្រើកពិភពលោកកាលខែ វិច្ឆិកា ឆ្នាំ២០១៩ ពោល ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមុនពេលរូបគេទទួលសំណើការប្រកួតនេះជាមួយវីរបុរសថៃ “The Boxing Computer” Yodsanklai IWE Fairtex នៅកម្មវិធី ONE: AGE OF DRAGONS នាក្រុងប៉េកាំងប្រទេសចិន។ ទោះជាខើចពេលក្នុងការរៀបចំខ្លួន តារាមានដើមកំណើតនៅ Dagestan បង្កើតប្រវត្តិសាស្ត្រមួយនៅសង្វៀន Cadillac Arena អមជាមួយការផ្ដួលដៃគូឲ្យសន្លប់។

គ្រាន់តែចាប់ផ្ដើមទឹកទី១ Yodsanklai បានព្យាយាមដើរចូល ប៉ុន្តែ Yusupov តបវិញដោយកណ្ដាប់ដៃឆ្វេងល្អ និង វ៉ៃខាវបានចំគោលដៅថែមទៀតផង។ “Kherow” បន្តសម្រុកកណ្ដាប់ដៃឆ្វេង ដែលបង្កការលំបាកដល់ “The Boxing Computer” ទោះកីឡាករថៃខំទាត់សងវិញក្ដី។ ទីបំផុតកណ្ដាប់ដៃសន្ធាប់របស់ Yusupov ធ្វើឲ្យវីរបុរសថៃដួលអុកគូថទាំងជំហររហូតអាជ្ញាកណ្ដាលរាប់ម្ដង។ បន្ទាប់មក “Kherow” ដើរចូល និងដាក់គំនាបឆ្វេងស្ដាំ ធ្វើឲ្យ Yodsanklai មិនអាចបន្តការប្រកួតទៀតទេ។

៣- Arslanaliev ផ្ដួល Nastyukhin ត្រឹមទឹកទី១

Saygid “Dagi” Guseyn Arslanaliev ជាតារាកំពុងរះក្នុងទម្ងន់ lightweight មួយរយៈចុងក្រោយនេះ និងបង្កើតកំណត់ត្រានៅសង្វៀន ONE: CONQUEST OF HEROES នាខែ កញ្ញា ឆ្នាំ ២០១៨។

នេះជាជំនួបល្អបំផុតជាមួយជនរួមជាតិរបស់គេ។ “Dagi” បានផ្ដួល Timofey Nastyukhin នៅសង្វៀន Jakarta Convention Center នៃប្រទេសឥណ្ឌូណេស៊ី។ Arslanaliev ចាប់ផ្ដើមទាត់ជើងឆ្វេងត្រឹម ២០ វិនាទីដំបូង ខណៈដែល Nastyukhin តបតវិញ ប៉ុន្តែ “Dagi” មានឱកាសពេលចាប់ជើងរបស់ Nastyukhin ទៅក្បែរសង្វៀន។ មួយរំពេចនោះ “Dagi” បានខាវឆ្វេងស្ដាំញាប់ស្មេររហូតដល់ស្នូរជួងបន្លឺ និង អាជ្ញាបញ្ឈប់។

៤- Yusup បញ្ចប់ដៃគូគួរឲ្យកត់សម្គាល់

Yusup “Maestro” Saadulaev បង្កើតកំណត់ត្រាគួរឲ្យចាប់អារម្មណ៍ និងជាកំណត់ត្រាល្អក្នុងប្រវត្តិសាស្ត្ររបស់ ONE។ នៅកម្មវិធី ONE: STATE OF WARRIORS កាលខែតុលា ឆ្នាំ២០១៦ កីឡាករទម្ងន់ bantamweight មកពី Dagestani បានប្រើជំនាញចាប់កម្រិតកំពូលរបស់ខ្លួនដើម្បីបញ្ចប់កីឡាករអូស្ត្រាលី Jordan “Showtime” Lucas នៅសង្វៀន Thuwunna Indoor Stadium នាក្រុងយ៉ុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់ពីបើកឆាកនៃការតតាំងយ៉ាងស្វិតស្វាញ Yusup បានបំបែកឃុំរបស់ Lucas និងគ្រប់គ្រងការប្រកួតបានល្អណាស់។ “Showtime” ព្យាយាមគេច ប៉ុន្តែ Saadulaev បានគាបកជាប់បង្វិលចុះឡើង និង លៃលកឃ្លេកពីលើបញ្ចប់គូប្រកួតតែម្ដង។

៥- Gafurov បញ្ចប់គូប្រកួតយូរអង្វែងឲ្យចុះចាញ់លឿន

វាប្រើពេលរហូតដល់៤ទឹកសម្រាប់ Marat “Cobra” Gafurov ដើម្បីបញ្ចប់វីរបុរសម៉ុងហ្គោលី Narantungalag “Tungaa” Jadambaa ឲ្យចុះចាញ់តាមរយៈក្បាច់ឃ្លេក និងក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កាលខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រោយប្រកួតដ៏អស្ចារ្យ៣ទឹករួចមក Gafurov បានហក់ទៅកាន់ “Tungaa” នៅទឹកទី៤។ កីឡាករមកពី Dagestani ចាប់កគូប្រកួតបង្វិលចុះឡើង និងមានប្រៀបនៅពីលើរហូតដល់ឃ្លេកឲ្យចុះចាញ់។ គ្រានោះ ទោះជាកីឡាករម៉ុងហ្គោលី ខំប្រឹងគេចនិងរើបម្រាស់ក៏ដោយ ក៏កីឡាករលំដាប់ពិភពលោករូបនេះប្រើបច្ចេកទេសគាប និង ឃ្លេកឲ្យចុះចាញ់បានដែរនៅសល់ ៩ វិនាទីបញ្ចប់ទឹកទី៤។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី