អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់ ដែលធ្លាប់ប្រកួតទាំងក្នុងកម្ម​វិធី​វាយ​ដាក់ទ្រុង ONE Championship នៅ​ក្រៅ​ប្រទេស​ ថៃ រិទ្ធី បាន​បញ្ចេញនូវទស្សនៈ​ផ្ទាល់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រួមអាជីព​​ថា បើ​ចង់​បាន​លុយ​ធំ សម្រាប់ការ​ប្រកួត​ក្នុងកម្ម​វិធី Mas Fight Cambodia នៅលើ​សង្វៀន​ថោន គឺ​កីឡាករ​ម្នាក់ ត្រូវតែ​មាន​ក្បាច់ ឬ​ផ្លែ​សម្លាប់​ផ្ទាល់​ខ្លួន ទើបអាច​ធ្វើ​ទៅ​បាន។

​ថៃ រិទ្ធី បាន​និយាយ​ថា៖ ​«​កីឡាករ​ម្នាក់ៗ ត្រូវតែមាន​ក្បាច់​សម្លាប់ផ្ទាល់ខ្លួន ព្រោះការ​ប្រកួត​នៅ Mas Fight ផ្តោតសំខាន់បំផុត គឺ​ផ្លែ​សម្លាប់ ព្រោះ​បើ​យើង​អត់​មានផ្លែ​សម្លាប់​​គេ គឺមិនអាច​ឆ្លៀត​ឱកាស​ផ្តួលគូ​ប្រកួត​ឲ្យ​សន្លប់​បាន​នោះទេ ដ្បិត​អី​ការ Mas Fight ប្រកួត​៩នាទីគ្មាន​ឈប់ អ៊ីចឹង​សំខាន់​ត្រូវមាន​ផ្លែសម្លាប់»។

ការ​លើក​ឡើង​របស់ ថៃ រិទ្ធី ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រូបគេ បាន​ផ្តួល​កីឡាករ​ជើង​ចាស់ នន់ ជំនិត ឲ្យ​សន្លប់ ដោយ​ប្រើពេល​ត្រឹម​៥​នាទី ក្នុងការ​ប្រកួត Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ ដើម្បី​ទទួល​បាន​ទឹក​ប្រាក់បន្ថែម​ចំនួន​១,៦​លាន​រៀល បន្ថែម​ទៅ​លើប្រាក់តម្លៃ​ខ្លួន ហើយនេះ​ជាលើកទី​៣​ផងដែរ ដែល ថៃ រិទ្ធី នៅតែ​អាច​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ដើម្បី​ទទួល​បាន​ប្រាក់រង្វាន់បន្ថែម។

សម្រាប់​ការ​ប្រកួត Mas Fight Cambodia ដែល​តម្រូវឲ្យ​អ្នក​ប្រកួត ត្រូវ​ផ្តួលគូ​ប្រកួត​ឲ្យ​សន្លប់ ក្នុង​រង្វង់៩នាទី ទើប​ក្លាយ​ជា​អ្នក​ឈ្នះ (បើ​មិនសន្លប់​កំណត់ឲ្យស្មើ​គ្នា) នោះ ថៃ រិទ្ធី ​បាន​វាយ​សន្លប់ទៅ​លើ នន់ ជំនិត ជា​ច្រើន​ដៃ ហើយ​កណ្តាប់​ដៃ​របស់​គេ ក៏បាន​បន្សល់​ទុក​ស្នាមបែប និងពក​ជា​ច្រើន​កន្លែង នៅ​លើ​ផ្ទៃ​មុខ​របស់ ជំនិត ផងដែរ មុនពេលរូប​គេ​ទទួល​បានជ័យ​ជោគ​ក្នុងការ​ប្តូរកណ្តាប់ដៃ ដោយ​ការ​ម៉ាត់ស្តាំ​ចូល​ថ្គាម​ពេញ បណ្តាល​ឲ្យ នន់​ ជំនិត សន្លប់​ក្រោកលែង​រួច។

ថៃ រិទ្ធី ដែល​បានចាត់ទុក «កណ្តាប់ដៃ» ជាក្បាច់ប្រចាំ​ត្រកូល ក្នុងការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​នោះ នៅ​តែ​មាន​ជំនឿចិត្ត ក្នុងការ​បង្ហាញ​ភាព​ខ្លាំង សម្រាប់ការ​ប្រកួតនៅ Mas Fight ជា​បន្ត​ទៀត។ រិទ្ធី បាន​បញ្ជាក់ថា៖​«ខ្ញុំ​សប្បាយ​ចិត្ត នៅ​ពេល​បានវ៉ៃ​ក្នុងកម្ម​វិធី Mas Fight  ព្រោះ​វ៉ៃ​បាន​លុយ​ធំ​រហូត អ៊ីចឹង​បើ​ខាង​អ្នក​គ្រប់​គ្រង​កម្ម​វិធី ដាក់​ឲ្យ​វ៉ៃក្រោយៗ​ទៀត ខ្ញុំ​នឹង​ព្យាយាម​វ៉ៃឲ្យអស់ពី​សមត្ថភាព»៕