អ្នក​ប្រ​ដាល់​លំដាប់​ឆ្នើម​ជួរ​មុខ​ទម្ងន់​៥៧​គីឡូក្រាម ឈុត ​សេរី​វ៉ានថង និង ​​វ៉ាន់ ​រឿន បាន​បង្ហាញពីការ​ខ្លាច​រអា​គ្នា នោពេល​អ្នកទាំង​២ ត្រូវបាន​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យនេះ ចំណែក​បេក្ខភាព​២​នាក់ទៀត គឺ ទូច ដេវីត និង ឯម សុធី ហាក់​ដឹង​មុន​រួច​ទៅ​ហើយ​ថា ពួក​គេ មិនអាច​នឹង​ឈាន​ទៅ​រក​ការ​ឈ្នះ​បានប្រាក់​លាន បាន​នោះ​ទេ ប៉ុន្តែ​បាន​តាំង​ចិត្ត​ប្រកួត ដោយ​គ្មាន​ញញើត។

តាំង​កីឡាករ ឈុត សេរីវ៉ាន់ថង, វ៉ាន់ វឿន និង ទូច ដេវីត សុទ្ធតែ​ធ្លាប់បាន​ឈ្នះ​ប្រាក់លាន នៅ​ក្នុងកម្ម​វិធីនេះ ចំណែក ឯម សុធី មិន​ធ្លាប់​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​លើកនេះ សេរីវ៉ាន់ថង និង វ៉ាន់ វឿន ត្រូវ​បានគេ​មើល​ឃើញ​ថា នឹង​អាច​មាន​ម្នាក់​ ជា​អ្នក​ឈ្នះ​ប្រាក់លាន ព្រោះ​អ្នកទាំង​២នេះ មានសមត្ថ​ភាព​ល្អដូច​គ្នា។

យ៉ាង​ណាក៏​ដោយ វ៉ាន់ វឿន ដែល​ធ្លាប់​ឈ្នះ ឈុត សេរីវ៉ាន់ថង កន្លង​មកនោះ មិនហ៊ាន​មើល​រំលង​សមត្ថ​ភាព វ៉ានថង ទៀត​នោះ​ទេ។ វឿន បាន​និយាយ​ថា៖​«ខ្ញុំ​គិត​ថា នៅ​​ក្នុង​ចំណោម​៣​នាក់​នេះ ​សុទ្ធ​តែ​លំបាក​យក​ឈ្នះ​ដូច​គ្នា ​ព្រោះ​សុទ្ធ​តែ​អ្នក​មាន​បទ​ពិសោធ​ល្អ​លើ​សង្វៀន​។ ​ចំពោះ ​សេរី​វ៉ាន់​ថង ​ខ្ញុំ​ធ្លាប់​ឈ្នះគេ ​ប៉ុន្តែ​ពេល​នេះ​មិន​ដូច​មុន​ទេ ដោយសារ​​កម្លាំង​គេ​នៅ​ល្អ​ជាង​ខ្ញុំ ​គឺ​លំបាក​ទប់​ទល់​ណាស់​ ហេតុនេះ ​ខ្ញុំ​សង្ឃឹម​ត្រឹម​៦០​ភាគ​រយ​ប៉ុណ្ណោះ​»។

ចំណែកលោក​ ឈុត ​សេរី​ ជា​គ្រូ​បង្វឹក ​និង​ជា​ឪពុក​បង្កើត​របស់​ ​វ៉ាន់​ថង នៅតែ​ចាត់​ទុក វ៉ាន់ វឿន ជា​ឧបសគ្គ​ធំ​​របស់​កូនខ្លួន។«ក្នុង​ចំណោម​កីឡាករ​៣​នាក់​នេះ ​សុទ្ធ​តែ​ជា​កីឡាករ​ជើង​ចាស់ ​​ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា ​វ៉ាន់ ​រឿន ​មាន​ទេព​កោលសល្យ​ល្អ​ជាង ​ហើយ​​គេ​​ជា​ឧបសគ្គ​ធំ​ណាស់​ចំពោះ វ៉ានថង។ តែ​​ទោះ​ជា​យ៉ាង​ណា​ គិត​មក​ដល់​ពេល​នេះ​កូន​ខ្ញុំ​ហាត់​បាន​ល្អ ​ត្រៀម​ជា​ស្រេច​និង​សង្ឃឹម​មុត​មាំ​ថា​ នឹង​ឈ្នះ​ក្នុង​ភាគ​រយ​ខ្ពស់​ គឺ​៩០​ភាគ​រយ»​។​

ចំពោះ ទូច​ ដេវីដ បាន​​និយាយ​ថា​៖​ «ខ្ញុំ​គិត​ថា ​ការ​ប្រកួត​នេះ​ ពិត​ជា​លំបាក​ឈ្នះ​ណាស់​ គឺ​​ចាប់​ឆ្នោត​ប៉ះ​ចំ​កីឡាករ​ណា ​ក៏​មិន​ងាយ​ឈ្នះ​ដូចគ្នា ​ព្រោះ​គេ​មាន​បទ​ពិសោធ​​ច្រើន​ជាង​ខ្ញុំ ​ប៉ុន្តែ​ខ្ញុំ​មិន​បាក់​ទឹក​ចិត្ត​ទេ ​គឺ​​ត្រូវ​ឡើង​ប្រ​កួតឱ្យ​​អស់​ពី​សមត្ថភាព​ ដើម្បី​ធានា​បាន​នូវ​សេចក្តី​ថ្ងៃ​ថ្នូរ​ជា​កីឡាករ​»​។​

ស្រដៀង​គ្នា​នេះ ​ឯម ​សុធី ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ញញើត​ទេ គឺ​​ប៉ះ​ប្រកួត​ជា​មួយ​ម្នាក់​​ណា​ក៏បាន​ ព្រោះ​ពួក​គេ​ខ្លាំង​ និងមាន​​ជំនាញ​ផ្សេងៗ​រៀងៗ​ខ្លួន​ ហើយ​ខ្ញុំ​ក៏មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​កម្លាំង​នៅ​ចុង​ទឹក​ផងដែរ ដោយសារ​ការ​អស់​ថាមពល នៅពេល​គេ​វាយ​ចូល​យើង​ច្រើន​នេះ វា​​ជា​ចំណុច​ខ្សោយ​របស់​កីឡាករ»៕