ការ​ទទួលបាន​ជ័យជម្នះ​ជាប់ៗ​គ្នា ចំនួន​១២​លើក​របស់ អ្នក​លេង​​ស្នៀត​ជើង គង់ សំបូរ របស់​ក្លិប​គោព្រៃ បាន​នឹងកំពុង​ធ្វើ​ឱ្យ​បេក្ខភាព៣នាក់​ទៀត អេ​លី​ត មករា​, រឿន ប៊ុន​រួន និង រិ​ន សា​រ័ត្ន មានការបារម្ភ​ទៅ​លើ​សមត្ថ​ភាព​របស់ គង់ សំបូង ខណៈ​អ្នកទាំង​៤​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ។

បើ​ទោះបីជា គង់ សំបូរ ធ្លាប់បាន​ចាញ់​ផ្ទួនៗ សម្រាប់ការ​ប្រកួត​ដណ្តើម​ប្រាក់លាន នៅ​សង្វៀន​ថោននេះ សម្រាប់ការ​ចូល​រួម​៥​លើក​កន្លងមក ប៉ុន្តែ​វត្តមាន​របស់​ គង់ សំបូរ នៅពេល​នេះ ​វា​បាន​ក្លាយជារឿង​ផ្សេង ព្រោះបេក្ខភាព ដែលជា​ដៃគូ​ប្រជែង សុទ្ធតែ​បារម្ភ​ទៅលើ​ស្នៀត​ទាត់​ធ្ងន់​របស់​គេ។

«​ខ្ញុំ​ញញើត​ក្បាច់​ទាត់​របស់ គង់ សំបូរ គឺ​លំបាក​ប្រកួត ប៉ុន្តែ​ធានា​វ៉ៃ​ឱ្យ​ល្អ និង​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ​។ ចំពោះ​វត្តមាន​បេក្ខភាព​​២​នាក់​ទៀត ​មាន​កីឡាករ រិ​ន សា​រ័ត្ន និង សេក គឹម​រួន ខ្ញុំ​មិន​ព្រួយ​ទេ អាច​ទប់ទល់​បាន​»​។​​នេះជា​ការ​បញ្ជាក់របស់​អ្នក​លេងកណ្តាប់ដៃ អេលីត មករា សម្រាប់ការ​ត្រៀម​ខ្លួន​ប្រកួត​ដណ្តើម​ប្រាក់លាន លើកនេះ ព្រោះ មករា ក៏ទើប​សន្លប់​ក្រោម​ដៃ គង់ សំបូរ ផងដែរ។

ចំណែក រឿន ប៊ុនរួច ដែលគេ​ស្គាល់ថាជា សេក គឹម​រួន នោះ បាន​និយាយថា​៖ «​ខ្ញុំ​ហ្វឹកហាត់​ពេញ​ល្អ ប៉ុន្តែ​សម្រាប់​ការជួបគ្នា​លើក​នេះ ខ្ញុំ​បារម្ភ​ខ្លាំង ប្រសិន​ចាប់ឆ្នោត​ប៉ះ គង់ សំបូរ តែបើ​ជួប រិ​ន សា​រ័ត្ន និង អេ​លី​ត មករា មិនសូវ​បារម្ភ​ទេ»​។​ រីឯ រិន សារ័ត្ន ក៏មាន​សង្ឃឹម​ ៥០​ទៅ​៦០​ភាគ​រយ​ដែរ ព្រោះ​គេមើល​ឃើញ​ថា ការ​ប្រកួតនេះ មាន​ការ​លំបាក ជាពិសេសវត្តមាន​របស់ គង់ សំបូរ ព្រោះ​ទាំង សេក គឹមរួន និង រិន សារ័ត្ន សុទ្ធតែទើប​ចាញ់​ក្រោម​ដៃ គង់ សំបូរ ដូចគ្នា។

​តាម​ស្ថិតិ​ប្រ​កួត​​​ចំនួន​១២​លើក ចុងក្រោយនេះ គង់ សំបូរ ​ធ្វើ​បាន​ល្អ​ណាស់​ ដោយ​​អ្នក​លេង​មាន​រហ័សនាម «​រន្ទះ​ជើង​ ​ព្យុះ​សមុទ្រ» រូបនេះ ​បាន​ទាត់​ឱ្យ ​តាញ់ ​មករា សន្លប់​ក្នុង​ទឹក​ទី​២​ រួច​បាន​ឈ្នះ​ពិន្ទុ​​លើ ​សោម ​ពិសិដ្ឋ,​ ​សេក​ គឹម​រួន​,​ ​អេលីត ​ភក្ដី​, ថៃ រ៉េត, សូត្រ ខេវិន ហើយ​បាន​ឈ្នះ​ រិន សារ័ត្ន នៅទឹកទី​៤ ឈ្នះ​ អេលីត សម្ភស្ស នៅទឹកទី​១ ឈ្នះ មាស សុជាតិ និង នៅ ដារ៉ូ ទឹក​ទី​៣ដូចគ្នា ព្រមទាំង​បាន​ឈ្នះ អេលីត មករា ទឹក​ទី​៤ និងស្មើ​ពិន្ទុជា​មួយ ​រិទ្ធ ​ប៊ុនម៉ៅ​ក្នុងការ​ប្រកួតបែប​ម៉ាស់ហ្វៃ។

ទាក់ទងនឹងការ​ប្រកួត​នេះ គង់ សំបូរ បាន​និយាយថា​៖ «​នៅក្នុង​ចំណោម​បេក្ខភាព​៣​នាក់​ទៀត ដែល​ត្រូវ​ចាប់ឆ្នោត​ប្រកួត​គ្នា​នេះ ខ្ញុំ​ធ្លាប់​ចាញ់ និង​ធ្លាប់​ឈ្នះ​ភាគច្រើន ចំណែក​​ការប្រកួត​លើក​នេះ ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​ខ្ពស់ គឺ​ខ្ញុំ​រំពឹង​ឈ្នះ ​៩០ ​ភាគរយ ប៉ុន្តែ​វា​អាច​លំបាក​បន្តិចដែរ ព្រោះ​​កណ្តាប់ដៃ និង​ស្នៀត​របស់​ពួកគាត់​ទាំង ​៣ គឺ​ធ្ងន់ៗ និង​រឹងមាំ​ដូចគ្នា បើ​មិន​ប្រយ័ត្ន​ក៏​អាច​ចាញ់​បានដែរ​»​៕