អតីត​កីឡាករ​ជើង​ខ្លាំង ផាន់ គ្រាន់ ​បាន​នឹងកំពុង​ហ្វឹក​ហាត់ខ្លាំង ដើម្បី​សម្រក​ទម្ងន់​មកវ៉ៃ​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម នៅលើសង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ ហើយ​រូបគេ បាន​អះអាង​ថា ប្រាក់រង្វាន់លេខ​១ ចំនួន ៣,៤​លាន​រៀល ​នឹង​ក្លាយជា​របស់គេ ជា​មិន​ខាន។

បើទោះបីជា​គ្រប់​គ្នា គិត​ថា មានការ​លំបាក ចំពោះការ​សម្រកទម្ងន់​ពីជាង​៧០​គីឡូក្រាម មក​៦៣,៥​គីឡូក្រាម ជា​រឿង​ពិបាក និងអាច​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​ចំពោះ ផាន់ គ្រាន់ បាន​បញ្ជាក់ថា វា​មិន​មា​ន​បញ្ហា​អ្វី​ចំពោះ​​នោះ​ទេ ព្រោះ​រូបគេ​បាន​សម​រួច​ទៅ​ហើយ ចំពោះ​ការ​សម្រក​​ទម្ងន់​បែបនេះ ហើយ​ការ​វិល​ត្រឡប់មក​កាន់​សង្វៀន​លើកនេះ ផាន់ គ្រាន់ ថា លែង​ទៅ​ណា​ទៀត​ហើយ។

ផាន់ គ្រាន់ បាន​និយាយ​ថា៖​«រយៈពេល​១​ខែ​នេះ អ៊ុំ​ឱ្យខ្ញុំ​ហ្វឹក​ហាត់រហូត អត់​មាន​ឡើង​ប្រកួត​នៅ​ឯណា​ទេ គឺ​ខំសម្រក​ទមម្ងន់ ចាំ​វ៉ៃ​ដណ្តើម​ប្រាក់លាន ទម្ងន់​៦៣,៥​គីឡូក្រាមនេះ ហើយ​វា​​គ្មាន​​បញ្ហា​អ្វីចំពោះ​ចំពោះ​ការ​សម្រក​ទម្ងន់​នេះ  គឺ​ខ្ញុំបាន​សម​រួច​ទៅ​ហើយ។ ខ្ញុំ​អាច​ធ្វើ​បាន ហើយ​​​វិលមក​វិញ​លើកនេះ ខ្ញុំ​ដាក់ចិត្ត​វ៉ៃ​រហូត ​លែង​​ទៅណា​ទៀតហើយ»​។

ការ​វិល​មក​វិញ​លើកនេះ ផាន់ គ្រាន់ ត្រូវបាន​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់លាន​ជាមួយ​បេក្ខភាព​៣នាក់ទៀត រួមមាន សៀវ ង៉យ, សោម វិឆ័យ និង​ សំ អាន។ ផាន់ គ្រាន់ បាន​ដឹង​ថរួចទៅ​ហើយ​ថា បេក្ខភាពទាំង​៣នាក់នេះ ជាពិសេស សោម វិឆ័យ និង សំ អាន ​អាច​នឹង​មាន​កម្លាំង​ខ្លាំង ប៉ុន្តែ ផាន់ គ្រាន់ មិនបាន​បង្ហាញការ​បារម្ភ​នោះ​ទេ ផ្ទុយ​ទៅវិញ​រូបគេ​អះអាង​ថា នឹង​យក​ប្រាក់លាន លើកនេះ​ឱ្យបាន។

«ពួកគេ សុទ្ធតែជា​កីឡា​​វ័យក្មេង ដែល​ល្អ​ស៊ុ​ហ្វ និង​កម្លាំង អ៊ីចឹង​ទោះ​ជួប​មួយណា​ក៏​តាន​តឹង​ដែរ ប៉ុន្តែ​ខ្ញុំ​អត់មានការ​បារម្ភ​ទេ ព្រោះខ្ញុំ​ធ្លាប់​ឡើង​ប្រកួត​យូរ​ហើយ អត់​ចង់បារម្ភ​អ្វី​ទៀត​ទេ ហើយ​ការចូល​លេង ប្រាក់​លាន​លើក​នេះ ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹង​លើក​ស្លាក​ប្រាក់រង្វាន់ ៣,៤ លាន​រៀល​ឱ្យបាន​»។ ផាន់ គ្រាន់ បាន​បញ្ជាក់។

នៅក្នុង​ចំណោម​បេក្ខភាព​ទាំង​៤​នេះ អ្នកទស្សនា​ភាគ​ច្រើន បាន​ផ្តល់​ការ​ជឿជាក់​ទី​លើ សោម វិឆ័យ និង​ ផាន់ គ្រាន់ ថា​នឹង​អាច​មាន​ម្នាក់ ឈ្នះ​បាន​ប្រាក់លាន លើកនេះ ចំណែក​កីឡាករ​ជើងចាស់ ដែល​លេច អណ្តែតៗ​ជាមួយការមិន​សូវ​បាន​ឡើង​ប្រកួត​ និង​ជើង​ថ្មី សំ អាន មិន​សូវទទួលបាន​ការគាំទ្រ​ប៉ុន្មាន​ទេ ខណៈ​អ្នក​ទស្សនា​ខ្លះ បាន​លាត់មាន​ថា ដាក់អ្នក​ទាំង​២​នេះ មក​ចូល​រួម​ធ្វើ​អី?។

តែ​ទោះបីជា​យ៉ាងណា សៀវ ង៉ុ​យ ដែល​ទើបបាន​ផ្លាស់ប្តូរ​មក​នៅ​ក្លិប​អភិរក្ស​គុន​ខ្មែរ​រុង​រឿង​ជាមួយ​លោក​គ្រូ សួង បញ្ញា នោះ បាន​ប្តេជ្ញា​ថា នឹង​ដណ្តើម​ប្រាក់​លាន​នេះ​ឱ្យបាន​។​​ម្ចាស់​ខ្សែក្រវាត់ ​៤ ​ស្ថាប័ន សៀវ ង៉ុ​យ បាន​និយាយថា​៖ «​ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ក្លិប​អភិរក្ស​រុងរឿង ជិត​ ១ ​ខែ​ហើយ ហើយ​នេះ​ជាការ​ប្រកួត​លើក​ទី​២ ​របស់ខ្ញុំ​»។

សៀវ ង៉ុយ បានបន្ថែម​ថា៖​«នៅ​ក្នុងចំណោម​បេក្ខភាព​ដណ្តើម​ប្រាក់​លាន​លើក​នេះ ខ្ញុំ​ធ្លាប់បាន​ជួប សោម វិឆ័យ តែ​ ២​ នាក់​ទៀត មិន​ធ្លាប់​ជួប​ទេ​។ និយាយ​រួម​អ្នក​ទាំង​៣​នេះ មាន​ចំណុច​ល្អ​ម្យ៉ាងៗ​ម្នាក់ អ៊ីចឹង​ទោះ​ជួប​មួយណា ក៏​តានតឹង​ដែរ ប៉ុន្តែ​ខ្ញុំ​ត្រៀមខ្លួន​បានល្អ ហើយ​ប្តេជ្ញា​​ថា នឹង​យកប្រាក់​លាន​នេះ​ឱ្យបាន​»​៕