ខ្សែ​បម្រើ Arthur Melo របស់​ក្លិប Barcelona នឹងមក​ចូល​រួម​ជា​មួយ​នឹងក្លឹបបសេះបង្កង់ Juventus នៅ​ពេល​បញ្ចប់​រដូវ​កាល​នា​ពេលខាងមុខ​នេះ ខណៈ​ដែល​ខ្សែ​បម្រើ Miralem Pjanic នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​ក្លិប Barcelona វិញ​។

នេះ​បើ​យោង​ទៅ​តាមការ​ប្រកាស​របស់​​ក្លឹប​ទាំង​២កាលពីថ្ងៃចន្ទ​។ ក្លឹបអ្នកមានបុណ្យ FC Barcelona បាន​បញ្ជាក់​ថា បាន​ចំណាយ​ប្រាក់​ចំនួន​៦០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៦៧,៤លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ក​បន្ថែម​ចំនួន​៥លាន​អឺ​រ៉ូ​ទៀត ដើម្បី​នាំ​​យក​ខ្សែ​បម្រើ​ឆ្នើម​អន្តរ​ជាតិ​បូស្នី Pjanic ក្រោយ​ពី​បាន​ប្រកាស​នៅ​មុន​ពេល​នេះ​បន្តិ​ចថា ក្លឹប Juventus នឹង​​ផ្តល់​ប្រាក់​ចំនួន​៧២​លាន​អឺ​រ៉ូ បូក​រួម​ទាំង​ប្រាក់​ឧត្ថម្ភ​ផ្សេង​ៗ​ចំនួន​១០​លាន​អឺ​រ៉ូ​ទៀត ដើម្បី​នាំ​យក Arthur​។

កិច្ចព្រមព្រៀង​គ្នា​ទាំង២នេះបាន​ដំណើរ​ការ​ដាច់​ដោយ​ឡែកពី​គ្នា ដែល​អនុញ្ញាត​ឲ្យ​​ក្លិប​ទាំង​២ បន្ថែម​តួ​លេខលើ​ប្រាក់​ចំណេញ​របស់​ខ្លួន នៅមុន​ពេល​ឈាន​ដល់​ចុង​ឆ្នាំ​សារពើពន្ធ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា​។ លក្ខខណ្ឌ​រំលាយ​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​របស់ Pjanic មាន​ចំនួន​៤០០​លាន​អឺ​រ៉ូ ស្រប​ពេល​ដែលក្លិប Juventus បាន​បញ្ជាក់​ថា កិច្ច​សន្យា​របស់​ Arthur នឹង​មាន​រយៈ​ពេល​៥​ឆ្នាំ ពោល​គឺ​នឹង​បន្ត​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៥​។

Arthur និង Pjanic នៅ​តែ​ស្ថិត​នៅក្លឹប​បច្ចុប្បន្ន​របស់​ពួកគេរហូត​ដល់បញ្ចប់រដូវកាល ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​បញ្ចប់​ការ​ប្រកួត​ក្នុង​​ក្រប​ខ័ណ្ឌ Champions League នៅ​ខែ​សីហា ផងដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia