Porto បាន​​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Primeira Liga របស់​​ព័រ​ទុយ​ហ្គាល់ ជាលើក​​ទី​២៩​ កាលពីថ្ងៃពុធ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​២លើក​ទៀត ក្រោយពី​បានយក​ឈ្នះ​លើក្រុម Sporting Lisbon ក្នុងលទ្ធ​ផល ២-០​។

ក្រុម​របស់​លោក Sergio Conceicao បាន​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ ដោយ​ត្រូវ​ការ​ត្រឹម​តែ​១ពិន្ទុ​គត់ ដើម្បី​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​លីក​របស់​ខ្លួន ដោយ​សារ​តែ​មាន​កំណត់ត្រា​ល្អ​ប្រសើរ​ជាង​ពី​ជំនួប​​រវាងក្រុម​ឈរលេខ២ Benfica​។ ជ័យ​ជម្នះ​នេះ បាន​ធានា​ថា ពួកគេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​លីក ក្រោយពី​បាន​នាំ​មុខ​៨ពិន្ទុ​ដាច់​លើ​ក្រុម​ម្ចាស់​ជើង​ឯក​កាលពីឆ្នាំ​មុន Benfica ដែល​បាន​ឈ្នះ​ពាន​លីក​ដល់​ទៅ​៣៧​លើក​។

Porto នាំមុខ​លើក្រុម Benfica ត្រឹម​តែ​១ពិន្ទុ​គត់ នៅ​ពេល​ដែល​យុទ្ធនាការ​នេះ ចាប់​ផ្តើម​ការ​ប្រកួត​ឡើង​​វិញ ក្រោយពី​ការ​ផ្អាក​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា កាលពី​ខែមុន ប៉ុន្តែ គូ​ប្រជែង​ចាស់​របស់​ពួក​គេ បាន​ធ្លាក់​ចុះ​ទម្រង់​លេង ហើយ​លោកគ្រូបង្វឹក Bruno Lage ត្រូវ​បាន​បណ្តេញ​ចេញ ក្រោយពី​ការ​ការពាន​របស់​ពួកគេ​បាន​​ធ្លាក់​ចូលក្នុង​បញ្ហា​។

Porto, Benfica និង Sporting បាន​ឈ្នះ​ពាន​លីក​ព័រ​ទុយ​ហ្គាល់ នៅ​ចន្លោះ​២​ឆ្នាំ​ម្តង បើ​គិត​ចាប់​តាំងពី​រដូវ​កាល​ជាលើក​ទី​១ក្នុងឆ្នាំ​១៩៣៤-១៩៣៥​។

ប៉ុន្តែ Benfica បាន​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយនេះ​គឺ​ជា​ការ​លើក​ពាន​ជាលើក​ទី​២​របស់ Porto បើ​គិត​ចាប់តាំងពីឆ្នាំ​២០១៣៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia