ប្រទេសអុីតាលី៖ លោក Maurizio Sarri គ្រូបង្វឹករបស់​ក្រុម Juventus បាន​ច្រាន​ចោល​ចំពោះការ​លើក​ឡើង​ថា អនា​គត​របស់​លោក​នឹង​អាស្រ័យ​ទៅ​លើ​លទ្ធផល​ពី​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​​ទី​២ ជា​មួយ​នឹងក្រុម Lyon នៅ​ទីក្រុង Turin នៅ​​រាត្រី​នេះ​ឡើយ​។ Juventus កំពុង​តែ​ដេញ​តាម​ពីក្រោយ​ក្រុម​របស់​ក្រប​ខ័ណ្ឌ Ligue 1 មួយ​នេះ ក្រោយ​ពី​បាន​រង​បរា​ជ័យ ១-០ នៅ​ប្រទេស​បារាំង កាលពី​៦​ខែមុន នៅមុន​ពេល​ការ​ប្រកួត​ត្រូវ​បានផ្អាក​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា​។

ស្រប​ពេល​ដែល Juventus សម្លឹង​រក​ការ​រក្សា​ក្តី​សង្ឃឹម​របស់​ខ្លួន​ក្នុង​ការ​ប្រជែង​ពាន​អឺ​រ៉ុប ជាលើក​ដំបូង​គេ បើ​គិត​ចាប់​​តាំងពី​ឆ្នាំ​១៩៩៦​ លោក Sarri បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា អនា​គ​តរបស់​ខ្ញុំ​​មិន​អាស្រ័យ​ទៅ​លើការ​ប្រកួតនេះឡើយ​។ ការគិត​បែបនេះ ធ្វើឲ្យ​ប្រធានក្លិបហាក់ដូច​ជា​អ្នកធ្វើ​ការ​កម្រិត​ស្ម័គ្រ​ចិត្ត​អ៊ី​ចឹង​»។ លោក​បាន​ប្រាប់​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​កំពុង​តែ​ដោះស្រាយ​យ៉ាងល្អ​ជា​មួយ​នឹង​ប្រធាន​ដឹកនាំ​កម្រិត​ខ្ពស់​។ ពួក​គេនឹង​សម្រេច​ថា តើ​នឹង​បន្ត ឬ​ក៏ផ្លាស់​ប្តូរ​។ ប៉ុន្តែ វា​មិន​អាស្រ័យ​ទៅលើ​ការ​ប្រកួត​តែ​មួយ​ឡើយ​»។

Juventus បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​លីក​ជា​លើក​ទី​៩​ជាប់​​ៗ​​គ្នា ប៉ុន្តែ បាន​ធ្លាក់​ចុះ​ទម្រង់​លេង​ ក្រោយ​ពី​​ការ​ព្យួរ​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា តាម​រយៈ​ការ​ឈ្នះ​ត្រឹម​តែ​២លើកគត់ ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក​ចុង​ក្រោយរបស់​ពួកគេ​។ លោក Sarri បាន​បន្ថែម​ទៀត​ថា៖ «យើង​ពិត​ជា​​រីក​​រាយ​ណាស់​ក្នុង​ការ​ឈ្នះ​ពានដ៏​លំបាក​បំផុត Serie A ក្នុង​ប្រវត្តិ​សាស្ត្រ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia