បរទេស៖ ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិ​ពល Kylian Mbappe ទំនង​​​នឹង​ចូល​លេង​ឲ្យ​ក្រុម Paris SaintGermainក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​ពួ​ក​គេ​ជាមួយនឹងក្រុម Atalanta ក្នុង​ទីក្រុង Lisbon នៅ​រាត្រី​នេះ ក្រោយពី​ជាសះស្បើយ​ពី​របួស​ក​ជើង​របស់​គេ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Thomas Tuchel នៅមុន​​ការ​ប្រកួត​១​ថ្ងៃ​។ លោក Tuchel បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ប្រសិន​បើ​រូប​គេ​ហ្វឹក​ហាត់​នៅ​ល្ងាច​ថ្ងៃ​អង្គារ និង​គ្មាន​បញ្ហា​បន្ថែម​កើត​ឡើង រូប​គេ​នឹង​ស្ថិតក្នុង​ក្រុម​នេះ​នៅ​រាត្រីថ្ងៃពុធ​»​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Tuchel បាន​បញ្ជាក់​បន្ត​ថា Mbappe អាច​នឹង​ស្ថិត​ជាកីឡាករ​បម្រុង ក្នុង​ពេល​ប្រកួត​ជា​មួយនឹងក្រុម​របស់​អ៊ី​តាលី​។ គ្រូបង្វឹក​​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់​ក្នុង​ការ​អាច​មានឱកាស​ក្នុង​ការ​​បញ្ចប់​ការ​ប្រកួត​នេះ ជា​មួយ​នឹង Kylian នៅ​លើ​ទីលាន ពីព្រោះ​រូប​គេ​នឹង​ផ្តល់​ជំនួយ​ដ៏​ធំ​ដល់ Neymar ដែល​ចូល​ចិត្ត​លេង​ដៃគូ​ជា​មួយ​នឹង​រូប​គេ​»​។

Mbappe ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង ដើម្បី​ព្យាយាម​ទទួល​បាន​ភាព​រឹង​មាំ​ឲ្យ​ទាន់​ពេលវេលា សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោយ​ពី​រង​របួស​កជើង ក្នុង​ពេល​ក្រុម PSG បាន​ឈ្នះពាន FrenchCup តាមរយៈការផ្តួលក្រុម SaintEtienne កាលពីថ្ងៃទី​២៤ ខែកក្កដា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia