បរទេស៖ ខ្សែ​បម្រើ Leon Goretzka របស់​ក្លិប Bayern Munich បាន​បញ្ជាក់​ថា ក្លិប​យក្ស​របស់​​អាល្លឺ​ម៉ង់​មួយ​នេះ កំពុង​តែ​រៀប​ចំ​ផែន​ការ​ដើម្បី​ទប់​ស្កាត់​តារាឆ្នើម Lionel Messi របស់​ក្លិប Barcelona នៅ​មុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃ​សុក្រ​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ពី​របៀប​ក្នុង​ការ​ទប់​ស្កាត់ Messi Goretzka បាន​ឆ្លើយ​កាលពីថ្ងៃអង្គារក្នុង​ទីក្រុង Lisbon ថា៖ «មនុស្ស​រាប់​ម៉ឺននាក់ នៅ​មុន​ខ្ញុំ បាន​ព្យា​យាម​ឆ្លើយ​សំណួរ​នេះ​»​។ កីឡាករ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា​៖ «នេះ​គឺ​ជា​សំណួរ​ដ៏ល្អ ក្នុងការ​លេង​ជា​មួយ​នឹង​កីឡាករ​ដ៏ឆ្នើម​ម្នាក់​ទៀតប្រចាំ​១ទសវត្សរ៍​ចុងក្រោយ​នេះ ក្រោយពី​បាន​ប្រកួត​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់​ក្លិប Juventus ២ ទៅ​៣លើក»​​។ ទាក់ទង​នឹង Messi ខ្សែ​បម្រើ Goretzka វ័យ​២៥​ឆ្នាំ បាន​បញ្ជាក់​ថា៖ «បញ្ហា​នោះ​អាច​ដោះ​ស្រាយបាន​ដោយ​ការ​ធ្វើ​ការ​ងារ​ជាក្រុម​ ពីព្រោះ​រូប​គេ​ជា​កីឡាករ​បាល់​ទាត់​ដ៏ឆ្នើម​»​។

Messi បាន​រក​គ្រាប់បាល់ទី​៣១របស់​គេ​​ក្នុង​រដូវ​កាល​នេះ កាលពីថ្ងៃ​សៅរ៍ និង​កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះពាន Champions League ជាលើក​ទី​៥ ក្នុង​អាជីព​របស់​គេ​ជាមួយ​នឹងក្លិប Barcelona​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​កំពុង​តែ​ប្រមាញ់​ពានបី Bayern បាន​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​១៣​លើក​រសប់​ខ្លួន បើ​គិត​ចាប់​តាំងពី​ចាប់​ផ្តើម​រដូវ​កាល​ឡើង​វិញ​ពីការ​ផ្អាក​អស់​រយៈពេល​ដ៏យូរ​។ ពួក​​គេ​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ខ្លួន កាលពីថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Robert Lewandowsk ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេក្នុង Champions League បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​២​គ្រាប់​ផ្សេង​ទៀត ក្នុងពេល​ផ្តួល Chelsea ៤-១ ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia