អ្នក​ចាត់ការទៅទៅ​ក្រុម​បឹងកេត លោក បែ មករា បាន​អះអាង​ថា ការ​ប្រកួត​ប្រជែង ដើម្បី​រក្សា​ទីតាំងកំពូល​តារាង​នៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ របស់​ក្រុម​លោក នឹងកាន់​តែ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង សម្រាប់​ការ​ប្រកួតនៅ​ជើងទី​២ ព្រោះ​លោក​មើល​ឃើញ​ថា គ្រប់​ក្រុមទាំង​អស់ ដែល​កំពុង​ឈរ​នៅ​ក្នុងតំបន់​Top6 សុទ្ធតែនៅ​មានឱកាស​ប្រជែង​យកតំណែង​​ជើង​ឯក ឬ​ពាន​ដូចគ្នា។

លោក បែ មករា បាន​និយាយ​ថា៖ ​«ការ​បញ្ចប់​ជើង​ទី​១ ក្រុម​របស់​យើង​ធ្វើ​បាន​ល្អ ដោយ​ទទួល​បាន​លេខ​១ ប៉ុន្តែ​ខ្ញុំជឿជាក់​ថា សម្រាប់ជើងទី​២ យើង​នឹង​មានការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ព្រោះ​សុទ្ធ​តែជា​ក្រុម​កំពូលៗ ហើយ​គ្រប់​ក្រុមទាំង​អស់ នៅ​មានឱកាសដណ្តើម​យក​ជើង​ឯក អ៊ីចឹង​ខ្ញុំ​គិត​ថា នៅ​ជើងទី​២​នេះ មាន​ការ​ប្រកួត​ស្វិត​ស្វាញ និង​តឹង​តែង​ជាងជើងទី​១​ទៅ​ទៀត»។

គួររំឭក​ថា ក្រុមបឹង​កេត ទើបតែ​ដណ្តើម​បានទីតាំង​កំពូល​តារាង ពី​​ក្រុម​ម្ចាស់​ជើង​ឯក ព្រះខ័នរាជស្វាយរៀង បន្ទាប់​ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ស្វាយរៀង ៤-២​ ក្នុង​ការ​ប្រកួតបញ្ចប់​​ជើង​ទី​១ នៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ កាលពី​ថ្ងៃអាទិត្យ ហើយ​នៅ​ក្នុង​ចំណោម​​ក្រុមទាំង​៦ ឈរ​នៅ Top6 ដែល​មាន​សិទ្ធិ​ប្រកួត​ប្រជែង​យក​ពាន នៅ​ជើង​ទី​២​នេះ គឺ​បឹង​កេត និង​ក្រុមស្វាយរៀង មាន​ប្រៀប​ជាង​គេ ដោយសារ​ពេលនេះ បឹងកេត មាន​៣២ពិន្ទុ ខណៈ ស្វាយរៀង មាន​៣១​ពិន្ទុ។

ចំណែក​ក្រុម​លេខ​៣ វិសាខា និងក្រុម​លេខ​៤ កង​យោធពលខេមរភូមិន្ទ (ទ័ព) មាន​ត្រឹម​២៣ពិន្ទុស្មើ​គ្នា ហើយក្រុម​លេខ​៥ ភ្នំពេញ​ក្រោន និង​ក្រុម​លេខ​៦ ណាហ្គាវើល មាន​២២ពិន្ទុ​ដូច​គ្នា​ គឺ​មាន​ន័យ​ថា ក្រុមទាំង​៤​នេះ មាន​គន្លាត​ពិន្ទុ​ពី​​ក្រុម​បឹង​កេត និង​ស្វាយរៀង ចន្លោះ​ពី​៩ទៅ​១០ពិន្ទុឯណោះ ខណៈ​ការ​ប្រកួត​ជុំ​ទី​២ រវាង​ក្រុម​ឈរ​នៅ Top6 នេះ មាន​ត្រឹម៥លើក​ប៉ុណ្ណោះ អ៊ីចឹង​មាន​ន័យ​ថា បើ​ក្នុងចំណោម​៥​ប្រកួតដូចគ្នានេះ បឹងកេត និង​ស្វាយរៀង ឈ្នះ​តែ​២​ប្រកួត​ទៀត គឺ​ទាំង​វិសាខា ទ័ព ភ្នំពេញ​ក្រោន និង​ណាហ្គាវើល លែងមានឱកាស​ប្រជែង​យក​ពាន​ហើយ គឺ​ម្ចាស់​ពាន មាន​តែ បឹងកេត ឬ ស្វាយរៀង ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ លោក បែ មករា នៅតែ​គិត​ថា ​ក្រុមទាំង​៤​ខាង​លើ នៅតែ​មាន​ឱកាស​ប្រជែងយក​ពាន។ លោក​បាន​បញ្ជាក់​​ថា៖ ​«ចំពោះ​ស្ថាន​ភាព​ប្រជែង​ជើង​ឯក​នេះ ខ្ញុំនៅ​តែ​ចាត់​ទុក​ថា ឱកាស​ដណ្តើម​​របស់​គ្រប់​​ក្រុម​នៅ​តែ​មាន ទោះ​ក្រុម​ខ្លះ នៅ​មាន​តិច​ក៏​ដោយ ព្រោះ​ខ្ញុំ​ជឿថា នឹង​មានការ​ប្រឹង​ប្រែង​ខ្លាំង។ ទោះបីជា ​ក្រុម​​បឹង​កេត និង​ក្រុមស្វាយរៀង មាន​ប្រៀប​បន្តិច ព្រោះ​មាន​ពិន្ទុ​លើគេ​ក៏​ដោយ ប៉ុន្តែ​វា​មិន​អស់​សង្ឃឹម​ច្រើន​ សម្រាប់​ក្រុម ដែលមក​​ដណ្តើម​ជើងឯក​នោះ​ទេ»៕