ក្លិប​បាល់ទាត់​បឹងកេត បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ខ្ចីជើង​ខ្សែ​ប្រយុទ្ធ​របស់កាមេរូន Abee Ndjoo ជា​ផ្លូវ​ការ​ហើយ ដើម្បី​បើក​ផ្លូវ​ក្នុងការ​យក​កីឡាករ​បរទេស​មាន​សមត្ថភាព​ម្នាក់​ទៀត មក​ជួយ​ដល់​ក្រុម​ សម្រាប់ត្រៀម​ការ​ប្រកួតលីគកំពូល​កម្ពុជា ​រដូវ​កាល​ថ្មី ឆ្នាំ​២០២២​នេះ ដែល​​បឹង​កេត ​បានដាក់គោលដៅ​ដណ្តើម​ឱ្យបាន​ពាន​ ដើម្បីស្តារមុខ​មាត់ត្រឡប់មក​វិញ។

«​សូមអរគុណដល់ Abee Adjoo សម្រាប់ពេល​វេលា​របស់​អ្នក ដែលបាន​​នៅជា​មួយ​ពួក​យើង។​ សូមជូនពរ​ឱ្យ​អ្នក មានសំណាង​ល្អ និង​ទទួលបាន​ភាព​ប្រសើរ និងជោគ​ជ័យ​គ្រប់​យ៉ាង»។ នេះជា​ការ​ប្រកាស​ព័ត៌​មាន​របស់​ក្លិប​បឹងកេត នៅលើផេចហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃអង្គារ ដើម្បី​បញ្ជាក់ពីការបញ្ចប់​កិច្ចសន្យា​ខ្ចី​ជើង​របស់​ខ្សែ​ប្រយុទ្ធ​រូបនេះ ដែល​បឹងកេត បាន​ផ្ទេរ ឬខ្ចី​ជើង​ពី​ក្លិបអាស៊ីអឺរ៉ុប នៅពាក់កណ្តាលរដូវ​កាល ឆ្នាំ​២០២១។

តាម​រយៈការបញ្ចប់ការ​ខ្ចី​ជើងនេះ បឹងកេត នឹ​ង​អាច​នាំយក​កីឡាករ​បរទេស​ចំណូល​ថ្មី​ម្នាក់​ទៀត ដើម្បីជួយ​ដល់ក្រុម សម្រាប់​ការ​ប្រកួត​​លីគកំពូលកម្ពុជា ឆ្នាំ​២០២២​នេះ គឺ​បន្ថែម​ទៅ​លើ​កីឡាករ​បរទេស​៤នាក់​ រួម​មាន​ខ្សែ​បម្រើ​ជនជាតិ​ប្រេ​ស៊ី​ល Alexandra Cardoso ​ខ្សែការពារ អ៊ីរ៉ង់ Taher Jahanbakksh ខ្សែបម្រើ​អាហ្គានីស្ថាន Zazai Mustafa និង​​ខ្សែប្រយុទ្ធ​ឆ្នើម​របស់នី​ហ្សេ​រី​យ៉ា Ajayi Opeyemi ដែល​អ្នកទាំង​៤នេះ បឹងកេត បានចុះ​កុងត្រា​រួច​រាល់​ហើយ សម្រាប់​ត្រៀម​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ។

ជាមួយគ្នា​នេះ បឹងកេត បាន​ដាក់គោល​ដៅ​រួច​ទៅ​ហើយ​ថា ត្រូវដណ្តើម​ឱ្យបាន​ពាន លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២​នេះ ដើម្បី​លុប​លាង​ភាព​អាម៉ាស សម្រាប់​ការ​ធ្លាក់​ទៅ​ឈរ​នៅលេខ​៥ ជា​ប្រវត្តិសាស្រ្ត លើកដំបូង កាលពី​ឆ្នាំ​២០២១ បន្ទាប់ពីក្លិប​មួយនេះ ទទួលបានជោគ​ជ័យ ជា​បន្ត​បន្ទាប់ តាំង​ពីបង្កើត​ឡើង កាលពី​ឆ្នាំ​២០១២ គឺ​ការ​ឈ្នះតំណែង​ជើងឯក​នៃ​លី​គ​កំពូល​កម្ពុជា បាន ​៤ ​សម័យកាល ​នៅក្នុង​ ២០១២, ២០១៦, ២០១៧ និង​ឆ្នាំ ​២០២០ រួមទាំង​ឈ្នះ​ជើងឯក​រង បាន​ ៣​ លើក ក្នុង​ឆ្នាំ ​២០១៣, ២០១៤ ឆ្នាំ ​២០១៨ និង​បានទទួល លេខ ​៣ កាល​ឆ្នាំ​២០១៥។

លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេត បាន​ថ្លែង នៅក្នុង​ពិធី​បង្ហាញ​ឡូហ្គោ​ថ្មី របស់​លី​គ​កំពូល​កម្ពុជា កាលពី​ថ្ងៃទី ​១០ ខែកុម្ភៈ​នេះថា​៖ «​ដូច​អ្នក​ទាំងអស់គ្នា​ដឹង​ហើយ​ថា រដូវ​កាល​ឆ្នាំ​ ២០២១ ជា​រដូវ​កាល​ដ៏​ខកចិត្ត​បំផុត សម្រាប់​បឹងកេត ដែល​មិន​ធ្លាប់មាននៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប ដោយបាន​ធ្លាក់​ទៅ​លេខ ​៥ ជា​លើកដំបូង អ៊ីចឹង​ដើម្បី​ស្តារ​មុខមាត់​ក្លិប​ឡើងវិញ ក្នុង​រដូវ​កាល​ថ្មី​នេះ ក្លិប​បានរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន ព្រោះ​គោលដៅ​របស់​យើង ត្រូវតែ​ឈ្នះ​ជើងឯក​»​៕