គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បានចាត់ទុក​ ការ​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​៦ នៅ​ក្រោយការ​បញ្ចប់​ការ​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ របស់​ក្រុម​លោក វា​កើត​ចេញ​ពីការ​អត់​​សំណាង ដោយ​លោក​បាន​អះអាងថា បើ​ក្រុម​លោក​មានសំណាង ឬ​ឈ្នះ​គ្រប់​ការ​ប្រកួត ដែល​សម​នឹង​ឈ្នះ ណាហ្គាវើល បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​១ បាត់​ទៅ​ហើយ។

លោក មាស ចាន់ណា បាន​និយាយ​ថា៖​«អ្វីដែល​ខ្ញុំ​ពេញ​ចិត្ត នៅ​ក្នុងការ​ប្រកួតជើង​ទី១ គឺ​ការ​លេង​របស់​កីឡាករ ដែល​ការ​លេង​ចូល​គ្នា​របស់​ពួកគាត់ កាន់តែ​ល្អទៅៗ បើ​ទោះបីជា​ពេលនេះ យើងឈរ​នៅ​ត្រឹម​លេខ​៦​ក៏​ដោយ។ សរុប​ទៅ​ ៤ទៅ​៥​ប្រកួត​ហើយ ដែល​ខ្ញុំ​អត់​សំណាង គឺ​ខ្ញុំ​ចង់​និយាយ​ថា យើង​មាន​ឱកាស​ឈ្នះគ្រប់​ប្រកួតទាំង​អស់ ប៉ុន្តែ​យើងបែរជា​អត់សំណាង»។

គ្រូ​បង្វឹក​វ័យក្មេង​រូបនេះ បាន​បន្ថែម​ថា៖​ «បើសិនជា​រាល់ការ​ប្រកួត​ទាំង​នោះ ក្រុម​ខ្ញុំឈ្នះ​ទាំង​អស់​វិញ នោះ​ប្រហែល​ជា​យើង​ផ្លាស់​ប្តូរ ទៅ​ឈរ​លេខ​១ បាត់​ទៅ​ហើយ តែ​វាទាក់​ទង​នឹង​សំណាង ដូច​យើង​ឃើញ​ស្រាប់​ហើយ សម្រាប់​ការ​ប្រកួតចុង​ក្រោយ​ជាមួយ វិសាខា យើង​អត់​មានសំណាង ព្រោះ​យើង​ឈ្នះ យើង​បាន​ឡើង​ទៅលេខ​៣ បាត់​ទៅហើយ គឺ​ខុស​គ្នា​តែ​មួយ​១នាទី យើងបាន​ធ្លាក់​មក​ឈរ​នៅ​លេខ​៦​វិញ»។

គួររំឭក​ថា សម្រាប់ការ​ប្រកួតបញ្ចប់​ជើង​ទី​១ ជាមួយ​ក្រុម​ វិសាខា កីឡាករ ឡេង​ មករា ​រកបាន​គ្រាប់​បាល់​នាំមុខ​ឲ្យក្រុមណាហ្គាវើល តាំង​ពី​នាទីទី​៥៧ ហើយការ​នាំមុខ​នេះ បាន​អូស​បណ្តាលដល់​នាទីទី​៩០+៤ ប៉ុន្តែ​ខណៈ​ការ​ប្រកួតនៅសល់​១នាទី​ទៀត នឹង​បញ្ចប់ ខ្សែ​ប្រយុទ្ធ ពាក់​លេខ​៣៣ Mihaljevic បែរ​ជា​អាច​តែត​បាល់បញ្ចូល​ទី ចេញ​ពី​ការ​ស៊ុត​របស់ ច្រឹង ពល​រដ្ឋ ផុត​ដៃ​អ្នក​ចាំទី ស៊ូ យ៉ាទី ដ៏​មិនគួរ​ឲ្យ​ចង់​ជឿ ដើម្បី​ជួយ​ឲ្យ វិសាខា ​ស្មើគ្នា ១-១​ ជាមួយ ណាហ្គាវើល។

ការ​បញ្ចប់​ក្នុង​លទ្ធផលស្មើ ១-១ នេះ បាន​ធ្វើ​ឲ្យក្រុម​ណាហ្គាវើល ដែល​ហៀប​នឹង​បាន​ឡើងទៅ​ឈរ​នៅ​លេខ​រៀងទី​៣ ដោយ​មាន​២៤ពិន្ទុ​ទៅ​ហើយ​នោះ បែរ​ជា​ធ្លាក់​មក​ឈរ​នៅ​លេខ​៦ ដោយ​មាន​ត្រឹម​២២ពិន្ទុ​ ស្មើជាមួយ​ក្រុម​ភ្នំពេញ​ក្រោន សម្រាប់ការ​ប្រកួត​ទាំង​១២​លើក នៅ​ជើងទី​១នេះ។

ប៉ុន្តែ​ការ​​បាត់ឱកាស​របស់​ណាហ្គាវើល បែរ​ជា​បាន​ជួយ​ឲ្យ​ក្រុម កងយោធ​ពល​ខេមរ​ភូមិន្ទ ដែល​បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-២ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន បែរ​ជា​អាច​ឡើង​ពី​លេខ​៦ តៅ​ឈរ​នៅ​លេខ​៤ ដោយ​មាន​២៣​ពិន្ទុ ស្មើជាមួយ​ក្រុម​ឈរនៅ​លេខ​៤ វិសាខា ខណៈ បឹង​កេត ដណ្តើម​យក​លេខ​១ ពី​ក្រុម​ម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង បានសម្រេច ក្រោយ​យក​ឈ្នះ ៤-២ ដើម្បី​មាន​៣២ពិន្ទុ លើ​សក្រុម​ស្វាយរៀង ១ពិន្ទុ​វិញ៕