«វា​មិនមែន​ជាឆ្នាំ​របស់ខ្ញុំ» នេះ​ជា​សាស័ព្ទ របស់​​គ្រូ​បង្វឹក​​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បាន​បង្ហោះនៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន បន្ទាប់​ពី​លោក មិន​អាច​ដឹក​នាំ​ក្រុម​ខ្លួន បន្ត​យក​ឈ្នះ​លើ​ក្រុម​យោធពល​ខេមរភូមិន្ទ (ទ័ព) ក្នុង​ការ​ប្រកួត​ជើង​ទី​២ លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ នៅ​ពហុកីឡដ្ឋាន​ស្តាត​ចាស់។

ការ​បង្ហាញសាព័ព្ទ ជា​ភាសាអង់គ្លេស «It is not my year» ដែល​មាន​ន័យ​ជាភាសាខ្មែរ​ថា «វា​មិនមែន​ជាឆ្នាំ​របស់ខ្ញុំ» អមជាមួយ​រូប​ភាព​ និង​លទ្ធផល​ប្រកួតស្មើ​គ្នា ១-១ ជាមួយ​ក្រុម​ទ័ព កាល​ពី​យប់​ថ្ងៃសៅរ៍ នោះ វា​បាន​បង្ហាញ​ឲ្យកាន់​តែច្បាស់​ថា លោក មាស ចាន់ណា បែប​ទប់​អារម្មណ៍​ខ្លួន​ឯង​លែងចង់​បាន​ហើយ ចំពោះ​លទ្ធផល ដែល​តែង​តែកើត​មាន​ឡើង​បែបនេះ ទៅ​លើ​ក្រុមណាហ្គាវើល។

ការ​វាយ​តម្លៃ​បែបនេះ ក៏​ព្រោះ​លោក មាស ចាន់ណា ធ្លាប់​បាន​ទម្លាយ​ថា ការ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៦ ដោយ​មាន​ត្រឹម​២២ពិន្ទុ ក្នុង​ជើង​ទី១ ដោយ​សារ​ក្រុម​របស់​លោក អត់​មាន​សំណាង។ លោក​និយាយថា៖​«សរុប​ទៅ​ ៤ទៅ​៥​ប្រកួត​ហើយ ដែល​ខ្ញុំ​អត់​សំណាង ចង់​​និយាយ​ថា យើង​មាន​ឱកាស​ឈ្នះគ្រប់​ប្រកួតទាំង​អស់ ប៉ុន្តែ​យើងបែរជា​អត់សំណាង បើសិនជា​រាល់ការ​ប្រកួត​ទាំង​អស់​នោះ ខ្ញុំឈ្នះ​ទាំង​អស់​វិញ នោះ​ប្រហែល​ជា​យើង​ផ្លាស់​ប្តូរ ទៅ​ឈរ​លេខ​១ បាត់​ទៅ​ហើយ»។

យ៉ាង​ណា​មិញ សម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម​ទ័ព កាល​ពី​យប់​ថ្ងៃសៅរ៍​នោះ ក្រុម​ណាហ្គាវើល របស់​លោក មាស ចាន់ណា ពិត​ជា​អត់​មាន​សំណាង ក្នុងការ​ឈ្នះ​បាន​៣ពិន្ទុ​មែន ព្រោះ​នៅ​ក្នុងការ​ប្រកួតដ៏​តានតឹង​នេះ​ ខ្សែ​ប្រយុទ្ធពាក់លេខ​១៤ Marcio បាន​ស៊ុត​រក​គ្រាប់បាល់​នាំ​មុខ​ឲ្យ ណាហ្គាវើល នៅនាទីទី​៦៨ ប៉ុន្តែ​ក្តីសង្ឃឹម​បន្ត​ឈ្នះ​ទ័ព ទៅ​លើ​ការ​ឈ្នះ ៤-១ កាល​ពី​ជើងទី​១ ត្រូវ​បាន​រលាយ​បាត់ ដ៏​មិនគួរ​ឲ្យចង់​ជឿ។

​គ្រាប់បាល់​តាម​ស្មើ​របស់​ក្រុម​ទ័ព បានកើតមាន​ឡើង នៅនាទីទី​​៧៣ ប៉ុន្តែ​ការ​ស៊ុតហ្រ្វីឃីក​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​៩ Marcolino ដែល​ទើបចាក​ចេញពី​ក្រុម​អង្គរថាយហ្គឺរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជាសំណាង ច្រើនជាង​បច្ចេក​ទេស ព្រោះ Marcolino បាន​ភ្លាត់​ជើង​ខ្លួន​ឯងដួល ជាមួយការ​ទាត់បាល់​នោះ តែ​ការ​ដួល​របស់គេ បាន​ធ្វើ​ឲ្យ​អ្នក​ចាំទី ស៊ូ យ៉ាទី ស្មាន​បាល់​ខុស ដោយ​លោត​មុន ខណៈ​បាល់​ធ្លាក់​ពី​បុក​ដី មុខ​ទី រួច​ក៏​លោតផុតដៃ ស៊ូ យ៉ាទី ដ៏​គួរ​ឲ្យ​អស់​សំណើច។

យ៉ាង​ណាក៏​ដោយ ក្រុមទ័ព ពិតជា​មាន​ការ​សប្បាយ​រីក​រាយ​ខ្លាំង ជាមួយ​គ្រាប់បាល់​នេះ ព្រោះ​វា​បាន​ជួយ​ឲ្យ​ពួក​គេ បញ្ចប់​ការ​ប្រកួតស្មើ​គ្នា ១-១ ជាមួយ​ក្រុមណាហ្គាវើល ហើយ​ការ​ទទួល​បាន​១ពិន្ទុ​នេះ ធ្វើ​ឲ្យ​ពួក​គេ មាន​២៤ពិន្ទុ ខណៈ​ណាហ្គាវើល មាន​២៣ពិន្ទុ។ ក្រោយ​ការ​ប្រកួតនេះ​ដែរ លោក មាស ចាន់ណា បាន​បង្ហោះ​រូប​ភាព​ខ្លួនឯង រួចសរសេរថា៖​«​មើល​តែ​មុខ ក៏ដឹងអត់​​ហុងស៊ុយ​ដែរ»៕