បរទេស៖ លោក Lucien Favre បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ចន្ទ ក្លិប Borussia Dortmund នឹង​ធ្វើ​ដំណើរ​ការ​ទៅកាន់​ទីក្រុង​រ៉ូម​ទាំង​​ភាព​ស្ទាក់​ស្ទើរ ខណៈ​ដែល​លោក​សម្លឹង​រក​​ការផ្លាស់​ប្តូរ​តំបន់​ការ​ពារ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Lazio ក្នុងក្រប​ខ័ណ្ឌ Champions League​។

លោក Favre គ្រូបង្វឹក​របស់​ក្រុម Dortmund បាន​សម្តែង​ពី​ក្តី​កង្វល់​នានា អំពីការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​អ៊ី​តាលី ខណៈ​ដែល​ករណី​នៃ​វីវុស​កូរ៉ូ​ណា កើន​ឡើង​​ទូ​ទាំង​អឺ​រ៉ុប​។ លោក Favre សញ្ជាតិ​ស្វ៊ីស បាន​ឲ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​។ វា​ពិត​ជា​​គ្រោះ​ថ្នាក់​ណាស់​។ ពេលនេះ មានករណីឆ្លង​កាន់​តែ​ច្រើន​។ នេះ​មិនមែន​ជា​រឿង​ល្អ​ក្នុងការ​ធ្វើ​ដំណើរ​ឡើយ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​មាន​ភាព​ឆ្លាត​វៃ​។ យើង​ត្រូវ​តែ​គិត​អំពី​កីឡាករ​របស់​យើង​»។

Lazio បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​១​របស់​ពួក​គេ ក្នុង​រយៈ​ពេល​១៣​ឆ្នាំ តាមរយៈ​ការ​រង​បរា​ជ័យ​នៅលើ​ទឹកដីក្រុម Sampdoria ៣-០ ដែល​បាន​ធ្វើ​ឲ្យ​​លោក​គ្រូបង្វឹក Simone Inzaghi ខឹង​សម្បារ​ចំពោះកូន​ក្រុម​ខ្លួន ក្រោយពី​រក​បាន​ត្រឹម​តែ​៤ពិន្ទុ​គត់​ពីការប្រកួត​៤លើក​។ ក្រុម Dortmund កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅលើ​តារាងក្រប​ខ័ណ្ឌ Bundesliga ដោយមាន​៩ពិន្ទុ ពីការប្រកួត​៤លើក ហើយ​ពួកគេ​ទើប​តែ​បានយកឈ្នះលើក្រុម Hoffenheim ១-០៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia