បរទេស៖ ​Borussia Dortmund ត្រូវ​តែ​រង់​ចាំមើល​ថា ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម Erling Braut Haaland នឹង​រឹង​មាំ​​ទាន់​ពេល​ដើម្បីលេងក្នុងការ​ប្រកួត​ដណ្តើម​ពាន German Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយនឹង​ក្រុម RB Leipzig នៅរាត្រីនេះ ឬ​អត់​។

លោក Edin Terzic គ្រូបង្វឹក​របស់ក្រុម Dortmund សង្ឃឹម​ថា នឹង​បញ្ចូល​រូប​គេ​ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Olympic ក្នុង​ទីក្រុង​ប៊ែរ​ឡាំង ក្រោយពី​បញ្ហា​របួស បាន​ធ្វើ​ឲ្យ Haaland អវត្ត​មាន​ក្នុងការ​ប្រកួត​២លើក​ចុងក្រោយ រួម​ទាំង​ក្នុងការ​ប្រកួត​ដែលពួកគេ​បាន​យកឈ្នះ​លើក្រុម Leipzig ៣-២ លើ​ទឹកដីខ្លួន​ឯង ក្នុង​ការ​ប្រកួត​កាលពីថ្ងៃសៅរ៍ ផងដែរ​។ Haaland បាន​ស៊ុត​បាល់បញ្ចូល​ទី​៣៧​គ្រាប់ ក្នុងការ​ប្រកួត​៣៨​លើក​សម្រាប់ Dortmund នៅ​រដូវ​កាល​នេះ ក្នុង​រាល់​យុទ្ធ​នាការ​ទាំង​អស់​។ តារាឆ្នើម​វ័យ​២០ឆ្នាំ​រូបនេះ បានឈប់សម្រាក១​ថ្ងៃ កាលពីថ្ងៃ​ចន្ទ ដើម្បី​ទទួលការ​ព្យា​បាល​បន្ថែម និង​​បាន​ហ្វឹកហាត់​ជាមួយនឹងក្រុមកាលពីថ្ងៃ​អង្គារ ហើយ​បន្ទាប់មក បាន​ចូល​រួម​​ក្នុងការ​ហ្វឹក​ហាត់​ចុងក្រោយ កាលពីថ្ងៃ​ពុធ នៅ​ទីក្រុង​ប៊ែរ​ឡាំង​។

លោក Terzic បាន​ឲ្យដឹងថា៖​ «Haaland ទំនង​ស្ថិតក្នុងស្ថាន​ភាពល្អ​ប្រសើរ​។ យើងមិន​បាន​ធ្វើឲ្យ​រូប​គេ​ស្ថិត​ក្នុង​សម្ពាធ​ទាំងស្រុង​ឡើយ ប៉ុន្តែ យើង​គ្រាន់​តែ​បាន​ធ្វើ​ការ​ពិនិត្យ​លើ​រូបគេ​ប៉ុណ្ណោះ​។ យើង​ចង់​ឃើញ​ពីកម្រិត​ដែលរូប​គេ​អាច​បញ្ចេញ​ប្រតិ​កម្ម ក្រោយពីការ​ហ្វឹកហាត់នៅថ្ងៃនេះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia