បរទេស៖ លោក Brendan Rodgers បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម Leicester ជម្នះ​លើ​ឧបស័គ្គ​នានា ខណៈ​ដែល​វិបត្តិ​កីឡាករ​របួស​ដែល​កំពុង​កើន​ឡើង កំពុង​គំរាម​ដល់​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​របស់​ពួក​គេ ដើម្បី​​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៤​ក្នុងក្រប​ខ័ណ្ឌ Premier League​។

ក្រុម​របស់​លោក Rodgers បាន​បាត់​បង់​ខ្សែ​បម្រើ​ឆ្នើម Harvey Barnes ដោយ​សារ​តែ​របួស​ជង្គង់​​ឆ្វេង អំឡុង​ពេល​ពួក​​គេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ៣-១ ក្រោមស្នា​ដៃក្រុម Arsenal កាលពីថ្ងៃ​អាទិត្យ​។ Barnes ដែល​នឹង​ទទួល​ការ​វះ​កាត់​នៅ​ថ្ងៃ​អង្គារ​នេះ អាច​នឹងត្រូវ​អវត្ត​មាន​រហូត​ដល់​ទៅ​៦​សប្តាហ៍​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេ​ស​រូបនេះ ចូលរួម​ជាមួយនឹងមិត្ត​រួមក្រុម Ayoze Perez, Dennis Praet, James Maddison, Wesley Fofana, James Justin និង Wes Morgan ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​របួស ដែលនាំ​ឲ្យ​ក្រុម Leicester ប្រឈមមុខ​នឹង​ការ​ងារ​ដ៏លំបាក​ក្នុងការ​ប្រជែង​យក​កៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League​។

ប៉ុន្តែ លោក Rodgers កំពុង​តែ​ព្យា​យាម​​និយាយ​ពី​សុទិដ្ឋិនិយម នៅមុន​ពេល​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​លើ​ទឹកដីក្រុម Burnley នៅ​រាត្រី​ថ្ងៃពុធ ស្អែក​នេះ ដោយ​លោក​បាន​​លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា យើង​ឃើញ​ថា ក្រុម​មួយ​ចំនួន​ក៏​មាន​បញ្ហា​នេះ​ដែរ​។ បញ្ហា​នេះពិត​ជាលំបាក ប៉ុន្តែ កីឡាករ​បង្ហាញពី​កម្រិត​លេង​ដ៏អស្ចារ្យ​ រហូត​ដល់​ចំណុច​នេះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel news Asia