បរទេស៖ លោក Josep Maria Bartomeu អតីត​ប្រធាន​ក្លិប Barcelona ត្រូវ​បាន​ឃាត់​ខ្លួន​កាលពីថ្ងៃ​ចន្ទ ខណៈ​ដែល​ការ​ឃាត់​ខ្លួន​នេះ គឺ​ជាផ្នែកមួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិសទៅលើ​រឿង​អាស្រូវ​​ដែល​ឈ្មោះ​ថា «Barcagate» កាលពី​ឆ្នាំមុន​។ នេះ​បើយោង​ទៅ​តាម​ប្រភព​មួយ​ដែលពាក់​ព័ន្ធ​នឹង​ករណីនេះ​។

លោក Bartomeu ដែល​បាន​លា​លែង​ពី​តំណែង​របស់​លោក​ក្នុងនាម​ជា​ប្រធាន​កាលពី​ខែតុលា​នោះ បាន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​​​៤នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​រយៈ​ពេល​៦​ថ្ងៃ នៅមុន​ពេល​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​របស់ក្លិប នៅ​ថ្ងៃ​អាទិត្យ​នេះ​។ លោក Oscar  Grau នាប្រតិបត្តិ​បច្ចុប្បន្ន​របស់​ក្លិប Barcelona លោក Roma Gomez Ponti នា​យក​សេវា​ច្បាប់ និង​លោក Jaume Masferrer ទីប្រឹក្សា​របស់​លោក Bartomeu ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ប៉ូលិស​ប្រចាំ​តំបន់ Catalonia ផង​​ដែរ ខណៈ​ដែល​ក្រុម​ប៉ូលិស​បាន​​​ស្វែង​រក​ភស្តុង​តាងនានា​នៅ​ឯ​ការិយាល័យ​របស់​ក្លិប កាលពីព្រឹក​ថ្ងៃ​ចន្ទ​។ លោក Grau និង Gomez Ponti ត្រូវ​បាន​ដោះលែង​វិញកាលពី​ល្ងាច​ថ្ងៃ​ចន្ទ ប៉ុន្តែ លោក Bartomeu និង Masferrer នឹង​ត្រូវ​ដេក​ក្នុង​ទ្រុង​មួយ​យប់នៅ​ឯ​ស្ថានីយ​ប៉ូលិស​​ក្នុង​ទីក្រុង Barcelona នៅមុន​ពេល​បង្ហាញខ្លួន​នៅ​ពី​មុខ​ចៅ​ក្រម នៅ​ថ្ងៃ​អង្គារ​នេះ​។

នេះ​បើយោង​ទៅ​តាមការ​ចេញផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌មាន​អេ​ស្ប៉ាញ​។ កង​កម្លាំង​ប៉ូលិស Mossos d’Esquadra ប្រចាំ​តំបន់​ Catalonia បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា ការ​ឃាត់​ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ផ្នែក​មួយនេះ ការ​ស៊ើប​អង្កេត​ទៅលើ​បទឧក្រិដ្ឋ ទាក់​ទង​នឹង​ទ្រព្យ​សម្បតិ្ត និង​សណ្តាប់​ធ្នាប់​សេដ្ឋ​កិច្ច​-សង្គម​ ដែល​កំពុង​អូស​បន្លាយ​ពេល​ជិត​១ឆ្នាំហើយ៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia