គ្រូ​បង្វឹកក្រុម​ភ្នំពេញក្រោន លោក Oleg Starynskyi បាន​បង្ហាញការ​ខក​ចិត្ត ទៅនឹង​ការ​រៀបចំ​កាលវិភាគប្រកួតថ្មីនៃ​លីគកំពូលកម្ពុជា របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែល​​ក្រុម​ភ្នំពេញក្រោន និងក្រុមចំនួន​៥​ទៀត ប្រកួតបានត្រឹម​១លើក សម្រាប់ខែឧសភា និងខែមិថុនា។

ក្លិប​ភ្នំពេញ​ក្រោន បាន​ដកស្រង់សម្តី​​គ្រូបង្វឹក​របស់​ខ្លួន លោក Oleg Starynskyi ហើយបានបង្ហោះ​នៅលើ​ផេចហ្វេសប៊ុកផ្លូវការ​របស់ក្លិប​ថា៖​«​យើងទាំងអស់គ្នា នៅក្នុងក្រុម ចង់មានការប្រកួតបន្ថែមទៀត។ យើងបានចាប់ផ្តើម​ការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងប្រកួតផ្លូវការ បានត្រឹមតែ៣ប្រកួតប៉ុណ្ណោះ ។ ខ្ញុំខកចិត្ត ចំពោះខែឧសភា និងខែមិថុនានេះ ដែល​យើង និង​ក្រុមចំនួន៥ទៀត លេងបានត្រឹមតែ១ប្រកួត»។

សម្រាប់រដូវកាលីគកំពូលកម្ពុជា ឆ្នាំ​២០២១​នេះ ក្រុមភ្នំពេញក្រោន ទើបប្រកួតបានត្រឹម​៣​លើកទេ ដោយ​ពួកគេ​ទទួលបានជ័យជម្នះ​ទាំង​៣លើក ដោយ​​​ក្នុង​​នោះ ភ្នំពេញក្រោន បានយក​ឈ្នះក្រុមសូលទីឡូអង្គរ ៧-១ ឈ្នះក្រុមគិរីវង់សុខសែន​ជ័យ ២-១ និងចុងក្រោយបាន​វាយ​បក​យកឈ្នះក្រុម​ការពារ​​តំណែង​ជើង​ឯក  បឹងកេត ២-១ ដូចគ្នា។

យ៉ាង​ណាក៏​ដោយ បើកឱ្យមានការប្រកួតឡើង​វិញ នៅចុងសប្តាហ៍ នៃ​លីកកំពូលកម្ពុជា បន្ទាប់ពីបាន​ពន្យារពេល​ចូល​៣សប្តាហ៍ ដោយ​សារ​វិបត្តិ​ផ្ទុះ​ខ្លាំង​ជំងឺកូវីដ​១៩​នោះ  គឺ​គ្មាន​ឈ្មោះ​ក្រុម​ភ្នំពេញក្រោន ត្រូវប្រកួត​នោះទេ ដោយពួកគេ ត្រូវសម្រាក​រហូត​ដល់​ថ្ងៃទី​២១ ទើបអាចវិល​កាន់ទី​លានប្រកួត ដោយ​ពួកគេ ត្រូវស្វាគមន៍ក្រុមខេត្តព្រៃវែង នៅថ្ងៃទី​២២ ខែ​ឧសភា។

ចំណែក​នៅក្នុងខែមិថុនា លីគកំពូលកម្ពុជា ត្រូវសម្រាក​ពេញមួយ​ខែ​តែម្តង ដើម្បីទុកពេល​ឱ្យក្រុមជម្រើសជាតិ ធ្វើការ​ហ្វឹកហាត់ និងប្រកួត ដែលចាប់ផ្តើម​ពី​ថ្ងៃទី​២៨ ខែឧសភា រហូតដល់ថ្ងៃទី​១៥ ខែមិថុនា ហើយពី​ថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី​៦ ខែកក្កដា គឺ​ក្រុម​វិសាខា និងក្រុម​បឹងកេត ត្រូវប្រកួតជម្រុះ​ពានរង្វាន់ AFC Cup 2021។

សម្រាប់ការ​ប្រកួតបានត្រឹម​១​លើក ក្នុងរយៈពេល​២ខែ​នោះ វាបានធ្វើ​ឱ្យ​លោក Oleg Starynskyi និងក្រុម​ភ្នំពេញក្រោន ទាំងមូល មិ​នសូវសប្បាយ​ចិត្ត ហើយ​លោកបានជាគំនិតថា៖ ​«តាមគំនិតរបស់ខ្ញុំ កាលវិភាគប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឱ្យ​ក្រុម អាចលេង ២ ឬ៣ប្រកួត នៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិ លេងនៅខែមិថុនា»។

គ្រូ​បង្វឹក​ជនជាត់អ៊ុយ​ក្រែន លោក Oleg Starynskyi បាន​បញ្ជាក់ថា៖​«ការប្រកួតលីគកំពូលកម្ពុជា គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន ប៉ុន្តែចំនួននៃ​ការប្រកួត គឺមិនគ្រប់គ្រាន់ទេ »៕