សាលា​បាល់​ទាត់​ភ្នំពេញក្រោន បាន​ចាប់​ផ្តើម​ជាផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០២១ ដើម្បី​ផ្តល់​ឱ្យ​សិស្សានុសិស្ស និង​យុវជន​គ្រប់​កម្រិត ដែល​ស្រឡាញ់ និងមានទេព​កោសល្យ​​លើ​​​ផ្នែក​​នេះ បានចូល​រួម​ហ្វឹកហាត់​បាល់​ទាត់ ទៅតាម​ជំនាញ បច្ចេកទេស និង​ក្បួន​ខ្នាត​​​ត្រឹម​ត្រូវ និង​អាច​វិវឌ្ឍ​ខ្លួន ក្លាយ​ជា​កីឡាករ កីឡាការិនី​មាន​សមត្ថភាព នាពេលអនាគត។

នៅ​ក្នុង​ពិធី​ជួប​ជុំ ​និង​​សំណេះ​សំណាល​ជាមួយ​សិស្សានុ​សិស្ស​ ដែល​បាន​ចុះ​ឈ្មោះ​ចូល​ហ្វឹក​ហាត់​គ្រប់​កម្រិត​ទាំង​អស់ កាលពី​ថ្ងៃចន្ទ ម្សិលមិញ​នេះ លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ធំ​ភ្នំពេញក្រោន បានលើក​ទឹក​ចិត្ត និងជំរុញ​ឱ្យ​ក្រុមអត្តពលិក​វ័យក្មេង​ទាំង​នេះ ខិតខំ​យក​ចិត្តទុក​ដាក់​ហ្វឹក​ហាត់ ដើម្បី​ក្លាយជា​ធនធាន​មានសមត្ថ​ភាព សម្រាប់ទ្រទ្រង់ និង​ចូល​រួម​ជួយ​​វិស័យបាល់​ទាត់ នៅ​កម្ពុជា នាពេលអនាគត។​

អតីត​កីឡាករជម្រើសជាតិ​កម្ពុជា លោក កែវ សុខង៉ន បាន​និយាយ​នៅចំពោះ​មុខ​ក្រុម​សិស្សានុសិស្ស និង​ក្រុម​យុវជន​ទាំង​អស់​នោះ​​ថា៖ ​«នេះ​ជា​ការ​ពេល​វេលា​ដ៏​មាន​ន័យ ​សម្រាប់​ប្អូនៗ​ទាំង​អស់ ​ក្នុង​ការ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ​ពី​កីឡា​បាល់​ទាត់​ប្រកប​ដោយ​បច្ចេកទេស ដើម្បី​មាន​ឱកាស​ បាន​ក្លាយ​ជា​ធនធាន​ជំនាន់​ក្រោយ​ប្រកប​ដោយ​គុណភាព និង​សមត្ថភាព»។

ជាមួយ​គ្នា​នោះ អ្នកគ្រូ ម៉ៅ សាវីន ប្រធាន​ក្រុម​ការងារ​បច្ចេកទេស ​នៃ​សាលា​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​ផ្តាំ​ផ្ញើក៏​ដូច​ជា​ស្នើ​សុំ​ឱ្យ​ប្អូន​គ្រប់ៗ​គ្នា ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ហ្វឹក​ហាត់ ​ហើយ​ត្រូវ​បាន​មាន​ភាព​ក្លាហាន និង​គោល​ដៅ ​ពិត​ប្រាកដ ​សម្រាប់​អាជីព ​ព្រម​ទាំង​សុខ​ភាព​ជា​ដើម។

តាម​ការ​ប្រកាស នៅ​ក្នុង​ពិធី​សំណេះសំណាល​នោះ បាន​ឱ្យ​ដែរ​ថា សម្រាប់​ប្អូន ​ដែល​មាន​​ចំណាប់​អារម្មណ៍​ ចូល​រួម​ហ្វឹក​ហាត់ នៅ​សាលា​បាល់​ទាត់​ភ្នំពេញ​ក្រោន ​នៅ​តែ​អាច​បន្ត​ចុះ​ឈ្មោះ​បាន​ជា​ធម្មតា​ ចាប់​ពីម៉ោង ៩:៣០ ព្រឹក​ដល់​ម៉ោង ៦:៣០ ល្ងាច៕