កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បាន​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់ថ្មី​​មួយ​ទៀត គឺ​ការ​ឈ្នះ​ពាន​ ពី​ការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម) ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship ផ្នែកនារី នៅសាធារណរដ្ឋកូរ៉េ ហើយការ​គ្រង​តំណែង​ជើង​ឯក ជា​លើក​ដំបូង ក្នុងការ​ប្រកួតស្នូកឃ័រ​អន្តរជាតិ​កម្រិត​ពិភពលោក ជា​លើក​ដំបូងនេះ បាន​ធ្វើ ស្រួង ភាវី កាន់តែ​មាន​ឈ្មោះ​បោះសំឡេង និង​ទទួល​បានការ​គាំ​ទ្រ កាន់​តែ​ច្រើន​​ពី​ទស្សនិក​ជន ទាំង​នៅ​កម្ពុជា និង​នៅ​កូរ៉េ។

សម្រាប់​ការប្រកួតកីឡាស្នូកឃ័រ ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship ដែល​បានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ស្រួង ភាវី ធ្វើ​បាន​យ៉ាងល្អ ដើម្បី​រក្សា​បាន​នូវភាព​ខ្លាំង​របស់​ខ្លួន ហើយ​សម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រជាមួយ​​កីឡាការិនី​ Kim Gayoung កាល​ពីថ្ងៃអាទិត្យ កន្លងមក​នេះ ភាវី បាន​វាយ​បក​យក​ឈ្នះ​កីឡាការិនី​ម្ចាស់​ផ្ទះ​របស់​កូរ៉េខាងត្បូង​ម្នាក់នេះ ដោយលទ្ធផល ៣-១ សិត។

​ការ​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាងរំភើប​នេះ ​វា​បាន​ក្លាយ​ជា​ជោគ​ជ័យ​យ៉ាង​ធំ ដែល​បាន​ជួយ​ឱ្យ ស្រួង ភាវី ឈ្នះ​បាន​ពាន​រង្វាន់​ស្នូកឃ័រ​អន្តរជាតិ​ដ៏​ធំ​មួយនេះ សម្រាប់​ការ​ចូល​រួម​ជា​លើក​ដំបូង ​របស់​លោក​ស្រី បន្ទាប់ពី ភាវី បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ ខណៈ​ព្រឹត្តិការណ៍​នេះ មានកីឡាការិនីចូលរួមសរុប​៦៤នាក់ ដែល​សុទ្ធ​សឹង​ជាជើងខ្លាំងកម្រិតពិភពលោក។

ជុំ​វិញ​ការ​ដណ្តើម​បាន​ពាន​នេះ លោកស្រី ស្រួង ភាវី ​បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖​«ការ​ប្រកួតនេះ ពិតជាមានភាពតានតឹង ដែល​មានការប្រកួតប្រជែងខ្លាំង បើធៀប​នឹង​ការ​ប្រកួត​ផ្សេងៗនៅកូរ៉េ ដែល​ខ្ញុំ​ធ្លាប់បាន​ចូល​រួម​កន្លង​មក ព្រោះ​បេក្ខភាព ជាកីឡាការិនី ដែល​បាន​ចូល​រួម ក្នុង​ព្រឹត្តិការណ៍នេះ គឺ​ត្រូវបានជ្រើសរើស និងសម្រិតសម្រាំង សុទ្ធតែជាជើងខ្លាំង ទាំងកីឡាការិនីក្នុងស្រុក និងក្រៅស្រុក»។

កីឡាការិនី​ដ៏​ឆ្នើម​របស់កម្ពុជា ដែល​បង្កើតបាន​ភាព​ល្បីល្បាញ តាម​រយៈការ​លេង​ស្នូកឃ័រ នៅ​ប្រទេស​កូរ៉េខាងត្បូង ស្រួង ភាវី បាន​បន្ថែម​ថា៖​«ខ្ញុំ​ពិតជា​មាន​មោទនភាពខ្លាំង ចំពោះការ​ឈ្នះ​ពាន​នេះ ហើយ​បានចាត់ទុកសមិទ្ធផល ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​មួយ​នេះ គឺ​ជាកាដូ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស និងប្រជាជនកម្ពុជា រួម​ទាំង​អ្នក​គាំទ្រ​របស់​ខ្ញុំ នៅប្រទេសកូរ៉េ ផងដែរ»។

គួរ​បញ្ជាក់ថា សម្រាប់​ការដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើ​នឹង ១៧៦៥២.៤២ដុល្លារ ហើយ​លើសពីនេះ ប្រជាជនកូរ៉េជាច្រើន បាន​សម្ដែង​ការ​គោរពស្រឡាញ់ និងបាន​ចាត់ទុកលោកស្រី គឺជា​នារីខ្លាំង ម្នាក់ទៀត ព្រោះ​នៅ​មុនការ​ឈ្នះ​បាន​​ពាន​រង្វាន់​អន្តរជាតិនេះ ស្រួង ភាវី ធ្លាប់​ដណ្ដើម​បាន​ជើងឯក​ថ្នាក់​ជាតិ​ជា​ច្រើនសម័យ នៅ​សាធារណរដ្ឋកូរ៉េ ព្រមទាំង​ធ្លាប់ដណ្តើម​បាន​ពាន និងមេដាយ ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​មួយចំនួន​ទៀត ផងដែរ៕