កីឡាការិនី​ស្នូកឃ័រដ៏​ឆ្នើមរបស់​កម្ពុជា ស្រួង ភាវី បានសម្រេច​យក​ប្រាក់រង្វាន់ ដែល​ទទួលបានពីការ​ឈ្នះជើងឯកពានរង្វាន់កម្រិត​ពិភពលោក Blue One Resort LPBA Championship នៅប្រទេសកូរ៉េ ចំនួន ២០ លានវ៉ុន (ស្មើនឹង ១៧,៥៧៩ ដុល្លារ) ដើម្បីយកមកទិញ​ម៉ាស  និងថ្នាំ ដើម្បី​ផ្ញើ​មក​កាន់​ប្រទេស​​កម្ពុជា។

ជាមួយគ្នានេះ កីឡាការិនី​ជម្រើសជាតិកម្ពុជា ស្រួង ភាវី ដែលកំពុង​រស់​នៅជា​មួយស្វាមី នៅប្រទេស​កូរ៉េខាងត្បូងនោះ បាន​សរសេរ​រៀបរាប់ នៅលើហ្វេសប៊ុក​របស់ខ្លួន​ថា នាងមិនមានអ្វីច្រើនដូចគេ មានតែបេះដូង និង ក្ដីស្រលាញ់ជូនទៅចំពោះ​មនុស្សជុំវិញខ្លូន ជាពិសេស​ប្រជាជនកម្ពុជា ដែល​កំពុងជួបការ​លំបាក។

ស្រួង ភាវី បានសរសេរថា៖​ «ថវិកា ដែលខ្ញុំប្រកួតឈ្នះ​ ខ្ញុំបានទិញ ម៉ាស់ និង​ថ្នាំ​ ដើម្បីផ្ញើទៅប្រទេសកម្ពុជា​ ក្នុង​នោះ​មាន​ដូចជា​ ថ្នាំ​ទម្លាក់សត្វល្អិត សំភារៈ​សិក្សាផ្សេងៗ និងបានជំនួយពីសប្បុរសធម៌ ពីប្រទេសកូរ៉េ ផងដែរ»​។

កីឡាការិនីឆ្នើម ដែលតែងតែនឹកនា និងជួយ​ដល់អ្នកខ្វះខាត នៅ​កម្ពុជា ស្រួង ភាវី បានបន្ថែមថា៖ ​«ខ្ញុំមិនមានអ្វីច្រើនដូចគេ មាន​តែបេះ​ដូង និង​ក្ដី​ស្រលាញ់​ជូន​ទៅចំពោះ​មនុស្ស​ជុំវិញ​ខ្លូន ហើយ​មុន​នឹង​ខ្ញុំផ្ញើ​របស់មួយៗ មិន​ងាយ​ស្រួល​ទេ​ ប៉ុន្តែ​ខ្ញុំ​អត់ធ្មត់​ និងតស៊ូ​ណាស់ ឱ្យតែបានទៅ​​ដល់​បងប្អូនខ្មែរ ដែលជួប​ទុក្ខ​លំបាក​នៅ​ប្រទេស​ខ្ញុំ។ ចង់ប្រាប់ថា ខ្ញុំស្រលាញ់ណាស់»៕