កីឡាការិនីជម្រើសជាតិ​ស្នូកឃ័រ​កម្ពុជា ដែលទើប​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​បំផុត ប្រចាំ​នៅ​​​​ប្រទេសកូរ៉េ​ខាង​ត្បូងនោះ ​បាន​បង្ហាញ​ពីគន្លឹះ​សំខាន់ៗ នៃ​ការ​ឈាន​ទៅរក​ភាព​ជោគជ័យ សម្រាប់ការ​ប្រកួត​ប្រជែង នៅលើ​ឆាក​អន្តរជាតិ ជូន​ប្រទេស​ជាតិ ប៉ុន្តែ​គន្លឹះ​សំខាន់ទាំង​នេះ ទាម​​ទារ​ឱ្យ​អត្តពលិក​គ្រប់​រូប ត្រូវ​តែមានការ​តស៊ូ​ខ្ពស់បំផុត ទើប​អាច​សម្រេច និង​ទទួល​បាន​ផល​ត្រឡប់​មក​វិញ។

យ៉ាង​ណា​ក៏​ដោយ ស្រ្តី ដែល​​បានកែ​ប្រែ​ខ្សែ​ជីវិត ពីកូនកសិក នៅ​ខេត្ត​ត្បូងឃ្មុំ ទៅជា​កីឡាការិនី​ស្នូកឃ័រ​ដ៏ឆ្នើម​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ស្រួង ភាវី បាន​អះអាង​ថា មិនមាន​ជោគ​ជ័យ​ណា ដែល​បាន​កើត​ឡើង ដោយ​គ្មានបទពិសោធ​បរាជ័យ​នោះទេ តែសំខាន់​ត្រូវ​ជម្នះ​តស៊ូ ហើយ​សម្រាប់ ស្រួង ភាវី បានបញ្ជាក់ថា នាង​គ្មាន​ពេលសម្រាក​នោះ​ទេ គឺខំ​ប្រឹង​ហាត់​ជា​ប្រចាំ ទាំង​ថ្ងៃ ទាំង​យប់។

«កូន​ស្រី​កម្ពុជា​ម្នាក់​នេះ មិន​ដែល​មាន​ពេល​សម្រាក​ទេ!ហាត់​​ប្រចាំ​ថ្ងៃ ហាត់​ទាំង​យប់ ដើម្បី​កម្ពុជា»។ នេះជា​ការ​បង្ហោះសារស័ព្ទ​របស់កីឡាការិនី ស្រួង ភាវី នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​របស់​ខ្លួន កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ គឺ​បន្ទាប់ពី​ស្រ្តីមាន​ស្វាមី​ជា​ជនជាតិកូរ៉េ​ខាងត្បូង​រូបនេះ បាន​ឈ្នះ​ពាន​ ពី​​​​ការ​ប្រកួត​​​កីឡា​ស្នូកឃ័រ​ការ៉ុម COLLAGEN LPBA Championship ​ដែល​​ជា​ពាន​រង្វាន់​ធំ​បំផុត​​ ប្រចាំ​នៅ​​​​ប្រទេសកូរ៉េ​ ប្រចាំ​ឆ្នាំ​២០២១។

កីឡាការិនី ដែល​ធ្លាប់​ឈ្នះ​មេដាយមាស និង​ពាន​រង្វាន់​ជាច្រើន ស្រួង ភាវី បានបង្ហាញ​ពី​បទពិសោធ​ និង​គន្លឹះ​ឈាន​ទៅរក​ភាព​ជោគជ័យ ​បែប​នេះ​​ថា៖​ «ថ្ងៃ​ដែល​យើង​ព្យាយាម គឺ​ជា​ថ្ងៃ​ដែល​យើង​ហត់, ថ្ងៃ​ដែល​យើង​បរាជ័យ គឺ​ជា​ថ្ងៃ​ដែល​យើង​យំ ហើយ​ថ្ងៃ​ដែល​យើង​តាំង​ចិត្ត​សាកល្បង​ម្តង​ទៀត គឺ​ជា​ថ្ងៃ​ដែល​យើង​មាន​សង្ឃឹម​ឡើង​វិញ»។

ស្រួង ភាវី បាន​បន្ថែម​ថា៖​ «ថ្ងៃ​ដែល​បរាជ័យ ស្ថិត​នៅ​ជាមួយ​យើង​ទៀត គឺ​ជា​ថ្ងៃ​ដែល​យើង​ទទួល​មេរៀន និង​ភាពរឹងមាំ ចំណែក​ថ្ងៃបន្ទាប់ យើង​នឹង​បរាជ័យល្អជាងមុន ហើយ​ចុង​ក្រោយ​ស្នាម​ញញឹម ក៏​មាន​លើ​ផ្ទៃមុខ​យើង ពោរពេញ​ដោយ​មោទនភាព។ ធ្លាប់​បាន​ព្យាយាម ធ្លាប់​បាន​ទទួល​បរាជ័យ តែ​ទោះជាយ៉ាង​ណា ក៏​នៅ​តែ​ព្យាយាម​ម្តង​ទៀត ហើយ​ក៏​បាន​បរាជ័យ​ម្តង​ទៀត ក៏​ប៉ុន្តែ​​ត្រូវ​បរាជ័យ​ឱ្យ​ល្អ​ជាង​មុន»។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១​កន្លងមកនេះ ស្រួង ភាវី នៅ​តែ​រក្សា​បាន​នៅ​ភាព​ខ្លាំង ក្នុងនាមជា​កីឡាការិនី​ដ៏លេច​ធ្លោរ​ជាង​គេ នៅប្រទេស​កូរ៉េ បន្ទាប់ពី​ស្រ្តី​ខ្មែរ​ដ៏ស្រស់សោភា​រូបនេះ ​បាន​បន្ត​ឈ្នះ​​ជើង​ឯក​ ក្នុង​​​ការ​ប្រកួត​​​កីឡា​ស្នូកឃ័រ​ការ៉ុម ​ដែល​​ជា​ពាន​រង្វាន់​ធំ​បំផុត​​ ប្រចាំ​​​​ប្រទេសកូរ៉េ​ខាង​ត្បូង​នោះ​។

ជាមួយការ​បន្ត​ឈ្នះ​ពាន អម​​ដោយ​​ប្រាក់រង្វាន់​៣០លានវន់ (​ជាង​២៥ម៉ឺន​​ដុល្លារ​អាមេរិក)នេះ ស្រួង ភាវី បាន​បញ្ជាក់​ថា ៖«កូន​ស្រី​របស់​កម្ពុជា​ម្នាក់នេះ​ ប្រកួត​យក​ជ័យជម្នះ​​ ជូន​ជាតិ​ទៀត​ហើយ។ យើង​​កើត​មក​ មិនមែន​ដើម្បី​តែ​រស់​នោះ​ទេ​ តែ​យើងត្រូវ​រស់​ដើម្បី​ជោគជ័យ​​នូវ​អ្វីមួយ​ ​សម្រាប់​​គ្រួសារ​ សង្គម​ជាតិ​ និង​ពិភព​លោក​ទាំង​មូល​ ផងដែរ ហើយ​ក្នុង​នាម​​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប ​ខ្ញុំ​​បាន​ខិត​ខំ​ប្រកួត ​ដើម្បី​កិត្តិយស​កម្ពុជា ​រហូត​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​លេខ​​១ ​លើ​​ជាតិ​សាសន៍​ណា​ៗ​ទាំង​អស់»៕