បរទេស៖ ក្រុម​ជើង​ខ្លាំង​សហ​រដ្ឋ​អាមេរិក ដែលមាន​ក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​ឈ្នះ​មេដាយ​មាស បាន​ចាប់​ផ្តើម​ដំណើរ​ស្វែង​រក​ពាន​​កីឡា​បាល់​ទាត់​អូឡាំពិក​ជាលើក​ទី​៥ ជាមួយនឹងការរង​បរា​ជ័យ​ដ៏ខក​ចិត្តក្នុងលទ្ធផល ៣-០ ក្រោម​ស្នា​ដៃក្រុម​បាល់​​ទាត់នារី​ស៊ុយ​អែត​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារីចក្រភព​អង់គ្លេស បាន​ចាប់ផ្តើម​យុទ្ធ​នា​ការ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អូឡាំ​ពិកទីក្រុង​តូក្យូតាមរយៈ​ការ​ផ្តួលក្រុម​ជម្រើស​ជាតិ​ស៊ីលី កាលពីថ្ងៃ​ពុធ ហើយ​ហូ​ឡង់ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ​១០គ្រាប់ ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ហ្ស៊ុំ​ប៊ី​។ ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិក បាន​ឈ្នះ​ពាន​ចំនួន​៤​លើក ក្នុង​ចំណោម​ពាន​អូឡាំពិក​ចំនួន​៦​​​លើក បើ​គិត​ចាប់​តាំង​ពី​កីឡា​បាល់​ទាត់​នារី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ ក្នុងឆ្នាំ​១៩៩៦ ប៉ុន្តែ បាន​រង​បរា​ជ័យ​ដ៏​ខក​ចិត្ត​ក្រោមស្នា​ដៃក្រុម​ដែល​បាន​ទម្លាក់​ពួក​គេ​ដោយ​​ការ​ស៊ុត​បាល់ប៉េណាល់​ទី ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុង​ទីក្រុង Rio​។

កីឡា​ការិនី Stina Blackstenius បាន​ស៊ុតបាល់បញ្ចូល​ទី​២​គ្រាប់ នៅមុន​ពេល​កីឡា​ការិនី​បម្រុង Lina Hurtig បាន​បន្ថែម​គ្រាប់​បាល់​ទី​៣ សម្រាប់​ក្រុម​ម្ចាស់មេដាយ​ប្រាក់​ឆ្នាំ​២០១៦ ស៊ុយ​អែត ក្នុងការ​ប្រកួតមួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន​ដែលគ្មាន​អ្នក​ទស្ស​នា​ Tokyo Stadium ដោយ​សារ​តែ​ការ​រិត​ត្បិត​ជុំ​វិញ​វីរុសកូវីដ ១៩​។ ជាមួយ​គ្នា​នេះ ហូ​ឡង់ បាន​លត់ក្រុម​​ជម្រើស​ជាតិ​ហ្ស៊ុំប៊ីយ៉ាងចាស់​ដៃក្នុងលទ្ធផល ១០-៣ ខណៈ​ដែល​ចក្រ​ភព​អង់គ្លេស បានផ្តួល​ស៊ីលី ២-០ ក្នុងការ​ប្រកួត​ថ្ងៃ​បើកឆាក​៕

ប្រភព​ព័ត៌មាន៖ Channel News Asia