ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុន បាន​ប្រារព្ធ​ពិធី​បិទ​ការប្រកួតជាផ្លូវការហើយ កាលពី​​រាត្រី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​​ដំណើរ​ការ​ប្រកួត ​​រយៈពេល ១៧ថ្ងៃ គឺ​ចាប់ពីថ្ងៃទី២៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

បើ​ទោះ​បីជា​ព្រឹត្តិការណ៍​ដ៏​ធំ​ ដែល​ត្រូវបាន​ធ្វើ​ឡើង​៤​ឆ្នាំ​ម្តង​នេះ ​ត្រូវ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ មក​ធ្វើ​នៅ​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​រយៈ​ពេល​១៧​ឆ្នាំ​នេះ គឺ​គ្រប់​ផ្នែក​ទាំង​អស់ បាន​ដំណើរ​ការ​ដោយ​រលូន​ និង​ទទួល​បានជោគ​ជ័យ គួរ​ឱ្យកត់​សម្គាល់ ដែល​ធ្វើឱ្យ​ពិធីបិ​ទការ​ប្រកួត កាល​ពី​យប់​ម្សិល​មិញ បាន​ធ្វើ​ឡើង​ដោយ​ភាព​អ៊ឹកអធឹក និង​ប្រកប​​ដោយ​ភាព​សប្បាយ​រីក​រាយ។

ជាមួយ​គ្នា​នេះ ក្រុម​អត្តពលិក​របស់សហរដ្ឋ​អាមេរិក ​​បាន​ប្រាប់ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ កាល​ពី​ថ្ងៃអាទិត្យ ដើម្បី​​បាន​មេដាយ​មាស​ចំនួន​២​បន្ថែម​ទៀត ដើម្បី​វ៉ា​ចំនួន​មេដាយមាស​របស់​​ប្រទេស​ចិន​វិញ និង​ឈរ​នៅ​ចំណាត់​ថ្នាក់លេខ​១ ក្នុង​នាមជា​ប្រទេស​ដណ្តើម​បានមេដាយ​មាស​​ច្រើនជាង​គេ។

នៅ​ក្នុងការ​ប្រកួតនេះ សហរដ្ឋអាមេរិក ដណ្តើម​បានមេដាយ​មាស​សរុបចំនួន​៣៩ រួម​ទាំងមេដាយ​ប្រាក់ ៤១ និងសំរឹទ្ធ​ ៣៣ គឺ​ច្រើនជាង​ប្រទេស​ចិន ដែល​ឈរ​នៅ​​លេខ​២ ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​មាស៣៨ ប្រាក់​៣២ សំរឹទ្ធ​១៨ ខណៈ​ម្ចាស់ផ្ទះជប៉ុន ឈរ​នៅលេខ​៣ ដោយ​ឈ្នះ​បាន​មេដាយមាស ២៧ ប្រាក់​១៤ សំរឹទ្ធ​១៧ ហើយ​ចក្រភព​អង់គ្លេស ឈរ​នៅ​ចំណាត់​ថ្នាក់លេខ​៤។

ចំណែក​ប្រទេស​ចំនួន​៥៩​ទៀត ក៏​ដណ្តើម​បានមេដាយមាស ពី​ការ​ប្រកួត​កីឡា​អូឡាំពិក ក្រុងតូក្យូ ឆ្នាំ​២០២០​នេះ​ផងដែរ ខណៈប្រទេស​ផ្សេង​ទៀត ​បាន​ឈ្នះ​​ត្រឹមមេដាយ​​ប្រាក់ និងសំរឹទ្ធ តែ​ប្រទេស​មួយចំនួន​ទៀត មិនដណ្តើម​បានមេដាយ​សោះ ក្នុង​នោះ​ក៏​មាន​កម្ពុជា ផងដែរ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុងការ​ប្រកួតនេះ កម្ពុជា បាន​បញ្ចូនអត្តពលិក​ត្រឹម​៣​នាក់​ប៉ុណ្ណោះ តាម​រយៈ​ការ​ទទួល​បានសិទ្ធិអនុគ្រោះ ឱ្យ​ទៅ​ចូល​រួម ក្នុង​នោះ​មាន​កីឡា​ហែលទឹក ហែម ប៉ុច កីឡាការិនីហែល​ទឹក ឃឺន ប៊ុនពេជ្រមរកត និងកីឡាករអត្តពលកម្ម ប៉ែន សុខគង់ ក្រោមការដឹកនាំរបស់​លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិ​ការ​​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម៕