បរទេស៖ ក្រុម​បាល់​ទាត់​យុវ​ជន​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នឹង​ត្រូវជួប​ជា​មួយនឹងក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯកប្រេស៊ីល ក្នុង​​យុទ្ធ​នា​ការ​​កីឡា​បាល់ទាត់​អូឡាំពិក ផ្នែក​បុរស វគ្គផ្តាច់​ព្រ័ត្រ ក្រោយពី​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់ Marco Asensio បាន​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០ លើ​ក្រុម​ម្ចាស់​​ផ្ទះ​ជប៉ុន ក្នុង​ទីក្រុង Saitama កាលពីថ្ងៃ​អង្គារ​។

ខ្សែ​បម្រើស្លាប​របស់​ក្លិប Real Madrid រូបនេះ បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង និង​បាន​ស៊ុត​បាល់​កោង​ចូល​ទី​យ៉ាងល្អ នៅ​នាទី ទី​១១៥ ដើម្បី​ជួយ​ឲ្យក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក ជា​លើក​ទី​១​ បើគិត​ចាប់​តាំងពីពួក​គេ​បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​អូឡាំពិក ឆ្នាំ​២០០០ នា​ទីក្រុង​ស៊ីដនី​។ Asensio បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ដឹង​ថា នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏លំបាកមួយ​ក្នុង​ពេល​ប៉ះក្រុម​ខ្លាំង​មួយ ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ក្នុង​យុទ្ធនាការនេះ​។ យើង​បាន​ដឹង​ពីអ្វី​ដែល​យើង​ត្រូវ​ធ្វើ ហើយ​ជាមួយនឹងការ​អត់​ធ្មត់ និងការ​ខិតខំព្យាយាម​ វា​បានផ្តល់​រង្វាន់​ដល់​យើង​»​។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិម៉ិក​​ស៊ិក ក្នុងការប្រកួត​ដណ្តើមមេដាយ​សំរឹទ្ធ នៅ​​ថ្ងៃ​សុក្រ​។ ក្រុម​ជម្រើស​ជាតិម៉ិកស៊ិក បាន​រង​បរា​ជ័យដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់សេចក្តី​ក្នុងលទ្ធផល ៤-១ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​ទីក្រុង Kashima ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ ក្នុង​រយៈពេល​១២០​នាទី​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia