បរទេស៖ ក្រុម​បាល់​ទាត់​យុវ​ជន​​ប្រេស៊ីល បាន​ឈ្នះ​មេដាយមាស​អូឡាំពិកលើ​វិញ្ញ​សា​កីឡាបាល់ទាត់ជាលើកទី​២​​ជាប់​ៗ​គ្នា​របស់​ពួកគេ ខណៈ​ដែលកីឡាករ​បម្រុង Malcom បាន​រក​គ្រាប់បាល់​ឈ្នះ ដើម្បី​ជួយ​ឲ្យក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១ លើក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ នៅនាទីបន្ថែម​១៥​នាទី​២ដង​។

ខ្សែ​ប្រយុទ្ធ Matheus Cunha បាន​ដណ្តើម​យក​ប្រៀប​ទៅលើ​ការ​ធ្វេស​ប្រហែស​ក្នុង​តំបន់​ការ​ពារ ដើម្បី​រក​គ្រាប់បាល់​បំ​ប៉ោង​សំណាញ់ទី​នៅ​ជិត​បញ្ចប់ការ​ប្រកួត​តង់​ទី​១ ក្នុងការប្រកួត​វគ្គពាក់​ផ្តាច់​ព្រ័ត្រ​កាលពីថ្ងៃ​សៅរ៍ ក្រោយពី​កីឡាករ Richarlison បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិនចូល​ទី​សម្រាប់ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​រក​គ្រាប់​បាល់​តាមស្មើវិញ​នៅនាទី ទី​៦០ នៅពេល​ដែល​កីឡាករ Mikel Oyarzabal បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ប៉ុន្តែ Malcom អតីត​ខ្សែ​ប្រយុទ្ធ​របស់ក្លិប Barcelona បាន​ជួយ​ឲ្យ​ក្រុម​ប្រេស៊ីល ឈ្នះ​មេដាយមាស នៅនាទី ទី​១០៨​។

ប្រេស៊ីល​ដែល​បាន​ឈ្នះមេដាយមាស​លើ​ទឹកដីខ្លួន​​ឯង​ក្នុង​ព្រឹត្តិការណ៍អូឡាំពិក​ទីក្រុង​ Rio ឆ្នាំ​២០១៦​នោះ បានក្លាយ​ជា​ក្រុម​ប្រទេស​ទី​៥ ដែល​បាន​ការ​ពារ​មេដាយមាស​អូឡាំពិក​របស់ខ្លួន​យ៉ាងជោគ​ជ័យ​ នៅ​រាត្រីដ៏​រីក​រាយក្នុង​ទីក្រុង​ Yokohama ដែល​ជាកន្លែង​ពួកគេ​បាន​លើកពាន World Cup ជាលើក​ទី​៥ និង​ជាលើក​ចុងក្រោយ​របស់ពួកគេ ក្នុង​ឆ្នាំ​២០០២​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia