បរទេស៖ ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯកប្រេស៊ីល បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ ក្នុង​យុទ្ធនា​ការ​កីឡា​បាល់ទាត់​អូឡាំពិកផ្នែកបុរស កាលពីថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​របស់ Pierre Gignac បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ដណ្តើម​បាន​ជ័យ​​ជម្នះ ៤-៣ លើក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ក៏ដូច​ជា​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ទៅ​វគ្គ​បន្ត​របស់ពួកគេ​។

ប្រេស៊ីល ដែល​បាន​ឈ្នះ​មេដាយ​មាស​ជាលើក​ដំបូង​កាលពី​៥​ឆ្នាំ​មុន លើ​ទឹកដីខ្លួន​ឯង​ក្នុង​ទីក្រុង Rio នោះ គួរ​តែ​អាច​ខិត​កាន់​តែ​កៀក​ឆ្ពោះ​ទៅកាន់​វគ្គ​បន្ត ក្នុង​ទីក្រុង Yokohama ប៉ុន្តែ បែរ​ជា​ត្រូវ​ខក​ចិត្ត​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ​ទៅវិញ​​។ ប្រេស៊ីល កំពុង​តែ​នាំមុខ​ក្នុងពូល D ដោយ​សារ​តែ​គ្រាប់បាល់​បញ្ចូល​ទី នៅមុន​ពេលការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​សាអ៊ូឌីត ដែល​បាន​រង​បរា​ជ័យក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុងលទ្ធ​ផល ៣-២​។

ដោយឡែក បារាំង ស្ទើរ​​តែ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចេញ​ទៅ​ហើយ ពេល​ប៉ះ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Gignac បាន​សង្គ្រោះ​ក្រុម​ខ្លួន ក្នុងការ​ប្រកួត​ដ៏រំភើប​នៅ Saitama​​។ Gignac ដែល​បាន​​​លេង​ឲ្យ​ក្លិប​ម៉ិក​ស៊ិក Tigres ចាប់តាំងពីឆ្នាំ​២០១៥​នោះ បាន​ឲ្យដឹង​ថា៖ «បន្ទាប់​ពី​គ្រាប់បាល់​​នីមួយ​ៗ​របស់​អា​ហ្រ្វិក​ខាង​ត្បូង យើង​ហាក់​មាន​អារម្មណ៍​ថា យើងដូច​ជា​ស្ថិត​លើ​យន្ត​ហោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អ៊ី​ចឹង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia