ស្ថិត​ក្នុង​វ័យ​១៣​ឆ្នាំ កីឡាការិនី​ជិះ​ស្គី​ក្តារ​បន្ទះ Momiji Nishiya សញ្ជាតិ​ជ៉ុន បានក្លាយ​ជាម្ចាស់​មេដាយ​មាស​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​មេដាយ​មាស​វ័យ​ក្មេង​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ កីឡា​ការិនី​វ័យ​ក្មេង​រូបនេះ បាន​បង្កើត​​ភ្ញាក់ផ្អើលក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្រោយពីបាន​ផ្តួល​គូ​ប្រកួត​របស់ខ្លួន​​ក្នុ​ង​វិញ្ញាសាផ្នែកនារី​។

Nishiya បាន​ឈ្នះ​មេដាយមាស​កាលពីថ្ងៃ​ចន្ទ ក្នុង​វិញ្ញា​សា​ជិះ​តាម​ដង​វិថី​ផ្នែកនារី ដែល​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង​តូក្យូ​ជាលើក​ដំបូង​ប៉ុណ្ណោះ​។

ក្រោយពីបាន​ឈ្នះ​មេដាយ​មាស​ Nishiya បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រំភើប​រហូត​ដល់ស្រក់ទឹកភ្នែក ពីព្រោះខ្ញុំ​សប្បាយ​ចិត្ត​ហួស​នឹង​ថ្លែង​»​។ Nishiya បាន​បង្ហាញពី​ស្នៀត​យ៉ាងល្អ​នៅ​ដំណាក់កាល​ចុងក្រោយ និង​ទទួល​បានពិន្ទុ​ខ្ពស់​ជាង​គេ ដើម្បី​ផ្តួល​កីឡា​ការិនី​ប្រេស៊ីល Rayssa Leal ដែល​ក៏​មាន​វ័យ​១៣​ឆ្នាំ​ដូចគ្នា​ផងដែរ​។ ម្ចាស់​មេដាយមាស​វ័យ​ក្មេង​បំផុត​​នោះគឺកីឡា​ការិនី Marjorie Gestring ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​វិញ្ញាសា​សម្តែង​លើ​ផ្ទៃ​ទឹក ក្នុង​ព្រឹត្តិការណ៍អូឡាំពិក ទីក្រុង​ប៊ែរ​ឡាំង ឆ្នាំ​១៩៣៦ ដែលនៅ​ពេលនោះនាង​មាន​វ័យ​ត្រឹម​តែ​១៣​ឆ្នាំ និង​២៦៨​ថ្ងៃ​ប៉ុណ្ណោះ​៕