ក្រុម​អត្តពលិក​កីឡាការិនី​ហែល​ទឹក​ទាំង​២​នាក់របស់​កម្ពុជា គឹកីឡាការិនី​វ័យក្មេង ឃឺន ប៊ុន​ពេជ្រ​មរកត និងកីឡាករ ហែម ប៊ុច នឹ​ងត្រូវ​ធ្វើការ​ប្រកួតលើ​​​វិញ្ញា​សា​ហែលសេរី ៥០ ម៉ែត្រ ដូចគ្នា​ នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre នា​ល្ងាច​​ម៉ោង ៥​ (ម៉ោង ​​នៅ​កម្ពុជា) ថ្ងៃ​សុក្រនេះ ចំណែក​កីឡាករ ប៉ែន សុគង់ ​ត្រូវ​ប្រ​កួត​រត់​ល្បឿន​ ចម្ងាយ ១០០ ម៉ែត្រ នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium នា​ព្រឹក​​ម៉ោង ៩:៣០ ​ថ្ងៃសៅរ៍​ស្អែក​នេះ។

ជាមួយ​គ្នា​នេះ លោក ​វ៉ាត់ ​ចំរើន ជានាយកបេសកកម្ម និង​​​ជា​អគ្គ​លេខាធិការ​គណៈ​កម្មាធិ​ការ​​ជាតិ​អូឡាំពិកកម្ពុជា (​NOCC) ផង​នោះ ​បាន​ប្រាប់​ថា នៅ​មុនការ​ប្រកួត​នៅថ្ងៃនេះ ក្រុមអត្តពលិក​កម្ពុជា​ទាំង​៣នេះ បាន​ហ្វឹក​ហាត់ត្រៀមរួចរាល់​ហើយ  ​ហើយ​​សុខ​ភាព​​ក៏​​ល្អ​ប្រ​សើរ​ គឺ​​ការ​ស្នាក់​នៅ​ មាន​ផា​សុខភាព​ល្អ​ ចំណែក​​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ មាន​អាហារ​គ្រប់​ប្រភេទ​ តាម​តម្រូវ​ការ ​​និង​បើក​ទទួល ​២៤​ ម៉ោង​តែ​ម្តង​។​​

យ៉ាងណាក៏​ដោយ អ្នកជំនាញកីឡា​របស់​កម្ពុជា​រូបនេះ បាន​ប្រាប់​ថា ទិសដៅ និងគោល​បំណងរបស់​យើង មិនមែនជា​ការប្រកួត​ដណ្តើមយក​ជយលាភីនោះ​ទេ ព្រោះ​កម្រិតរបស់យើង នៅមិនទាន់អាច​ឈាន​ដល់​ការ​ប្រកួតប្រជែង​ជាមួយគេនោះទេ  ប៉ុន្តែយើង​ប្រកួតដើម្បីបំបែកឯតទគ្គកម្ម​ខ្លួន​ឯង។

លោក​ វ៉ាត់ ​ចំរើន​ ​បាន​ពន្យល់​​តាម​បច្ចេកទេស​ក្នុង​កីឡា​ថា​៖ ​«ជា​ធម្មតា​បង​ប្អូន​ជន​រួម​​ជាតិ​ ពិត​ជា​រង់​ចាំ​ និងចង់​ដឹង​ពី​លទ្ធផល​ ជាមិន​ខាន​ ប៉ុន្តែ​បើ​ផ្អែក​ទៅ​លើ​ការ​ពិត​ លើ​​បច្ចេកទេស​ក្នុង​កីឡា​ និងកម្រិត​សមត្ថ​ភាព​របស់​យើង គឺ​យើង​មិន​អាច​​បាន​ចំណាត់​ថ្នាក់​ ឬ​ទទួល​បាន​ជយ​លាភី​ពី​ព្រឹត្តិការ​ណ៍​កីឡា​ដ៏​​ធំ​នេះទេ​ ​ព្រោះ​សូម្បី​តែ​ជាប់​ជា​​បេក្ខភាព​ប្រ​កួត​ប្រជែង​តាម​បច្ចេកទេស​ ក៏​​មិន​បាន​ផង ​គឺអត្តពលិក​របស់យើង ​ទទួល​បាន​ត្រឹម​សិទ្ធិ​អនុគ្រោះ​ដើម្បី​បាន​ចូល​រួម​ប៉ុណ្ណោះ​»​។​

លោក​បាន​បន្ថែម​ថា៖​«គោល​ដៅ​ធំ​បំផុត​របស់​អត្តពលិក​យើង ​គឺយើង​មក​ប្រកួតនេះ ដើម្បី​​បំបែក​ឯតទគ្គកម្ម​ខ្លួន​ឯង​ មិន​មែន​ទៅ​បំបែក​ឯតទគ្គកម្ម ​ជា​មួយ​គេ​នោះ​ទេ​ ហេតុនេះ​យើង​មិន​អាច​ដណ្តើម​បាន​មេ​ដាយ​នោះ​ឡើយ​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ យើង​មាន​ផល​ចំណេញ​ ព្រោះ​យើង​​បាន​​​កំណត់​ត្រា ​និង​​បទ​ពិសោធ ព្រមទាំង​បាន​ដឹង​​ពី​របៀប​រៀប​ចំ​ យល់​ដឹង​ពី​និតិ​វិធី​ព្រម​ទាំង​ស្វែង​​យល់​ពី​​លក្ខណៈ​រៀប​ចំ​មុន​ប្រ​កួត​ ពេល​ប្រ​កួត ​និង​ក្រោយ​ប្រ​កួត ​ក្នុង​នាម​តំណាង​ប្រទេស​ជាតិ​មួយ ​ជា​សមាជិក​ពេញ​សិទ្ធិ​ បាន​បំពេញ​បេសកកម្ម​ ជា​កាតព្វកិច្ច​ ក្នុង​​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​អន្តរាជាតិ​»។

ចំណែក​កីឡាការិនី​វ័យ១៥ឆ្នាំ  ឃឺន ប៊ុន​ពេជ្រ​មរកត បានធ្វើការប្តេជ្ញា​​ចិត្ត​​ថា៖​ «ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​ ខ្ញុំនឹង​ខិតខំ​ប្រឹង​ប្រែង​ឱ្យអស់​ពី​លទ្ធ​ភាព ដើម្បីបំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ឯង។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន អ៊ំ ពូ មីង ដែល​បាន​ជូនពរ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ប្រែង​ ឱ្យ​អស់​ពី​សមត្ថភាព នៅក្នុងការ​ប្រកួត​មួយនេះ»៕