បរទេស៖ ក្លិប Juventus កំពុង​តែ​​ជឿជាក់​​លើ​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ Manuel Locatelli ក្រោយពី​បាន​ដាក់​សំណើ​ដ៏​សម​រម្យ ទៅកាន់ក្លិបស្ថិត​ក្នុងក្រប​ខ័ណ្ឌ Serie A ដូចគ្នា គឺ Sassuolo​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់លោក Pavel Nedved ប្រធាន​ក្លិប Juventus កាល​ពីថ្ងៃ​សៅរ៍​។ Locatelli វ័យ​២៣​ឆ្នាំ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ក្នុង​ពេល​ចូល​ជំនួស​កន្លែង​របស់ Marco Verratti អំឡុង​ពេល​នៃ​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប ក្នុង​ការ​ប្រកួត​វគ្គ​ចែកពូល​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស​។ នៅ​មុន​ពេលក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១ លើ​ក្រុម Monza កាលពីថ្ងៃ​សៅរ៍ ក្នុងការ​ប្រកួតពាន Berlusconi Trophy លោក Nedved បាន​ឲ្យដឹងថា៖ «យើង​ចង់​បាន​កីឡាកររូបនេះ ហើយ​រូប​គេ​ចង់​បាន​យើង​។ យើងជឿជាក់​ថា សំណើ​របស់​យើង​គឺ​ល្អ និង​មាន​ភាព​យុវត្តិធម៌​»​។

លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្លិប Juventus ចង់​បាន Locatelli លេងក្នុង​តំបន់​បម្រើ​របស់លោក ហើយ​អតីត​កីឡាករ​របស់​ក្លិប AC Milan រូបនេះ ក៏​ចង់​ផ្ទេរ​ទៅកាន់ Turin ផង​ដែរ បើ​ទោះបី​សំណើ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា តិច​ជាង​​តម្លៃ​ខ្លួន​​ដែល​ត្រូវ​បាន​រំពឹងទុក គឺ​ចំនួន​៤០លាន​អឺ​រ៉ូ (ស្មើនឹង​៤៧​លានដុល្លារ​អាមេរិក)​។ លោក Nedved បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​ដាក់​សំណើដ៏​សមរម្យ​មួយ ស្រប​​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន​។ យើង​កំពុង​តែ​រង់​ចាំ​ទាំង​ជឿជាក់​។ យើង​ច់ង​នាំមុខ​យក​រូប​គេ​ទៅកាន់ក្លិប Juventus​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia