បរទេស៖ ក្រុម​បាល់​ទាត់យុវ​ជន​ប្រេស៊ីល នៅ​សល់​ការជ័យ​ជម្នះ​​ត្រឹម​តែ​​២លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះ​មេដាយ​មាស​អូឡាំពិក​២លើក​ជាប់​ៗ​គ្នា ក្រោយពី​បានផ្តួលក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប ក្នុងលទ្ធផល ១-០ ក្នុងការ​ប្រកួត​អូឡាំពិក ទីក្រុង​តូក្យូ កាលពីថ្ងៃ​សៅរ៍​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់​ទី​១ ពីកីឡាករ Matheus Cunha បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯក​មួយនេះឈានទៅ​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ប៉ះ​ជា​​មួយនឹងក្រុម​ជម្រើស​ជាតិម៉ិក​ស៊ិក។ ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុងការ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ១គូផ្សេង​ទៀត​។

ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ បានផ្តួលក្រុម​ជម្រើស​ជាតិ​នូវែលសេឡង់ ដោយការ​ស៊ុត​បាល់​ប៉េ​ណាល់ ក្រោយពី​​ទទួលបានលទ្ធផល​ស្មើ ០-០ ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញបាន​វាយ​បក​ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិកូតឌីវ័រ ក្នុង​លទ្ធផល ៥-២ បន្ទាប់​ពីនាទី​បន្ថែម​១៥នាទី​២ដង​។ បើ​ទោះ​បី​ការ​ប្រកួត​នេះ បាន​បង្កើត​ឲ្យមានគ្រាប់បាល់​សរុប​ដល់​ទៅ​៧​គ្រាប់​ក៏ដោយ ប៉ុន្តែ ការ​ប្រកួត​របស់ក្រុមជម្រើស​ជាតិ​ម៉ិក​ស៊ិក ជាមួយ​នឹងក្រុម​ជម្រើស​ជាតិកូរ៉េខាង​ត្បូង បាន​បង្កើត​ឲ្យ​មានគ្រាប់​បាល់​សរុប​ដល់ទៅ​៩គ្រាប់ ក្រោយពី​ម៉ិក​ស៊ិក បាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៦-៣ ដើម្បី​ទៅ​ជួប​ជប៉ុន ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

បច្ចុប្បន្ន ក្រុម​​ជប៉ុន ត្រូវ​ការ​ឈ្នះ​ត្រឹម​តែ​១លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះមេដាយជាលើក​ដំបូង​របស់ខ្លួន​ក្នុង​យុទ្ធនាការកីឡា​បាល់ទាត់​ផ្នែក​បុរស បើ​គិត​ចាប់​តាំងពី​បាន​ឈ្នះមេដាយ​សំរឹទ្ធ ក្នុង​អូឡាំពិក​ឆ្នាំ​១៩៦៨​៕

 

ប្រភព​ព័ត៌​មាន៖ BBC