បរទេស៖ តារាឆ្នើម Jack Grealish កំពុងតែខិតកាន់តែកៀកក្នុងការចូលរួមជាមួយនឹងក្លិប Manchester City ពីក្លិប Aston Villa ហើយ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ កិច្ចពិភាក្សានានា កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយប្រសិនបើមិនមានបញ្ហាដែលឥតរំពឹងទុកកើតឡើងទេនោះ ខ្សែបម្រើរូបនេះ នឹងផ្ទេរក្នុងតម្លៃខ្លួន១០០លានផោន (ស្មើនឹង១៣៩លានដុល្លារអាមេរិក)។
Aston Villa បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីរក្សាទុក Grealish តាមរយៈការផ្តល់កុងត្រាថ្មីជាមួយនឹងចំណូលខ្ពស់ជាងមុន ប៉ុន្តែ ការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបអង់គ្លេសនេះ ជិតបំពេញជាស្ថាពរហើយ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានលេងឲ្យតែក្លិប Aston Villa បើគិតចាប់តាំងពីចូលរួមក្នុងក្រុមយុវជន។ Man City ក៏ចង់បានខ្សែប្រយុទ្ធ Harry Kane ផងដែរ ស្របពេលដែលតារាឆ្នើមរូបនេះមិនទាន់វិលទៅកាន់ក្លិប Tottenham នៅឡើយទេ គិតត្រឹមថ្ងៃនេះ ដោយសង្ឃឹមថា រូបគេអាចបង្ខំឲ្យមានការផ្ទេរមួយ។
អនអ្នកតំណាងឲ្យក្លិប Man City, Aston Villa និង Grealish កំពុងតែស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយ នៅថ្ងៃដែលក្លិប Aston Villa បានបន្ថែមជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ខ្លួនតាមរយៈការនាំយក Danny Ings ពីក្លិប Southampton ក្នុងតម្លៃខ្លួន២៥លានផោន។ ការផ្ទេរនេះ បានកើតឡើងនៅថ្ងៃតែមួយដែលពួកគេបានទិញ Leon Bailey ពីក្លិប Bayer Leverkusen ក្នុងតម្លៃខ្លួនប្រមាណជា៣០លានផោន៕
ប្រភពព័ត៌មាន៖ The Guardian