បរទេស៖ ក្លិប Manchester City កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានទេពកោសល្យ Jack Grealish ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ ពីក្លិប Aston Villa សម្រាប់តម្លៃខ្លួនប្រមាណជា១០០លានផោន (ស្មើនឹង១៣៩លានដុល្លារអាមេរិក)។
Man City បានប្រកាសថា Grealish នឹងពាក់អាវលេខ១០ ដែលបច្ចុប្បន្ន កំពុងតែគ្មានម្ចាស់ ក្រោយពីការចាកចេញរបស់ខ្សេប្រយុទ្ធ Sergio Aguero ទៅកាន់ក្លិប Barcelona។ Grealish វ័យ២៥ឆ្នាំ បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ខ្ញុំពិតជាមានភាពរីករាយក្រៃលែងដែលបានចូលរួមជាមួយនឹងក្លិប Manchester City។ Man City គឺជាក្រុមដ៏ខ្លាំងបំផុតក្នុងប្រទេសនេះ ដែលមានអ្នកចាត់ការទូទៅម្នាក់ ដែលត្រូវបានចាត់ទុកថា ជាអ្នកចាត់ការទូទៅដ៏ឆ្នើមបំផុតក្នុងពិភពលើក។
នេះគឺជាសុបិនក្លាយជាការពិតក្នុងការចូលរួមជាមួយនឹងក្លិបនេះ»។ តម្លៃខ្លួននេះ បានបំបែកកំណត់ត្រារបស់អង់គ្លេសកាលពីមុនក្នុងតម្លៃខ្លួន៨៩លានផោន ដែលក្លិប Manchester United បានចំណាយទិញ Paul Pogba ពីក្លិប Juventus ក្នុងឆ្នាំ២០១៦៕
ប្រភពព័ត៌មាន៖ Channel News Asia