បរទេស៖ លោក Joan Laporta ប្រធានក្លិប Barcelona កាលពី​ថ្ងៃចន្ទ បាន​បញ្ចេញ​ព័ត៌​មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ ដែល​បាន​បង្ខំ​ឲ្យ​រូប​លោក​ត្រូវ​ចែកផ្លូវ​ជាមួយនឹង​តារាឆ្នើម Lionel Messi​។

លោក Laporta បាន​ប្រាប់សន្និ​សីទ​សារ​ព័ត៌​មាន​ដែលមាន​រយៈពេល​២​ម៉ោង​នាកីឡដ្ឋាន Camp Nou ថា៖ «ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុរបស់​ក្លិប ស្ថិតក្នុងភាព​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​ស្ថានភាពហិរញ្ញវត្ថុ គឺ​ពិត​ជាមិនល្អ​ឡើយ​»​។ លោកបាន​បញ្ជាក់ថា Barcelona ជាប់​បំណុលរហូត​ដល់​ទៅ​១,៣៥ពាន់លានអឺរ៉ូ (ស្មើនឹង​១,៦ពាន់​លាន​ដុល្លារអាមេរិក) និងត្រូវចំណាយ​លើ​ប្រាក់​ខែកីឡាករ​ដល់ទៅ​៦១៧លាន​អឺ​រ៉ូ ដែល​ចំនួន​នេះគឺ​ច្រើន​ជាង​គូ​ប្រកួត​របស់ខ្លួន​រហូត​ដល់​២៥ ទៅ​៣០%​​។ លោកបាន​ឲ្យ​ដឹងថា៖ «យើង​ទាំង​អស់​​កំពុង​តែ​រឹត​បន្តឹង​ខ្សែ​ក្រវាត់​របស់​យើង ហើយ​ក្នុង​រយៈពេ​២ ទៅ​៣​ឆ្នាំ​ទៀត ហិរញ្ញ​វត្ថុ​របស់​ក្លិប​នេះ នឹងមាន​ភាពល្អ​ប្រសើរ​ឡើង»​។

ទាក់ទង​នឹង​ការ​ចាកចេញ​របស់ Messi លោក Laporta បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​២ បាន​ធ្វើការ​ចរ​ចា​គ្នា​ជា​ច្រើនលើក ដោយ​សង្ឃឹម​ថា អាច​ទទួល​បាន​ផ្លែ​ផ្កា ប៉ុន្តែ មិន​​បាន​កើត​ឡើង​ឡើយ​។ យើង​បាន​ព្រម​ព្រៀង​គ្នា​ទាំង​ខក​ចិត្ត​»​។ លោក Laporta ​បានទទួលស្គាល់ថា ការ​ចូលរួម​របស់ Messi ជាមួយនឹងក្លិប Paris Saint-Germain កាលពីថ្ងៃ​សៅរ៍ ក៏​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍ខក​ចិត្ត​ដូចអ្នក​គាំទ្រ​ដែរ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia