បរទេស៖ លោក Ronald Koeman «មិន​ឆ្លើយ​សំណួរ​ណា​មួយ​ឡើយ​អំពី​អនា​គត​របស់​លោក» ក្រោយ​ពី​គ្រាប់​បាល់​តែត​​បញ្ចូល​ទី​របស់​កីឡាករ Ronald Araujo បាន​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​១ពិន្ទុ​ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជាមួយនឹងក្រុម Granada កាលពីថ្ងៃ​​ចន្ទ​។

នេះ​គឺ​ជា​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ទន់​ខ្សោយ​មួយ​​ផ្សេង​ទៀត​លើ​ទឹកដីខ្លួន​​ឯង​ ខណៈ​ដែល​សម្ពាធ​នៅ​តែ​បន្តកើត​ឡើង​លើ​លោក Koeman​។ ខ្សែ​ការពារ​កណ្តាល Araujo ដែល​លេង​ក្នុង​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ក្រោយពីការ​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ក្លាពីក្រុម Barcelona​។ ក្រុម Granada បាន​រក​គ្រាប់​បាល់នាំមុខ​មុន​នៅវិនាទី​ ទី​២ តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ Domingos Duarte​។ ប៉ុន្តែ ក្រោយ​ពី​ការ​ជួប​ការ​ខក​ចិត្ត​ក្រោមស្នា​ដៃក្រុម Bayern ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីសប្តាហ៍​មុន ក្រុម Barcelona គួរ​តែ​មាន​ក្លែវ​ក្លា​តិច​តួច​ប៉ុណ្ណោះ ខណៈ​ដែល​សំណួរ​នានា​នៅ​តែ​បន្ត​ចោទ​សួរ​អំពី​​អនា​គត​របស់​លោក Koeman ក្នុង​នាមជា​គ្រូបង្វឹក​របស់ Barca។ សំឡេង​កញ្ចែ​​បញ្ចប់​ការ​ប្រកួត​បាន​បន្លឺ​​ឡើង ស្រប​ពេល​ដែលមាន​សំឡេង​ហួច​​​បែប​ចំអក​ពី​​អ្នក​គាំទ្រ ដែល​ខក​ចិត្ត​ទៅ​នឹង​លទ្ធ​ផល​នេះ និងទម្រង់​លេងរបស់​ក្រុម​ម្ចាស់​ផ្ទះ​។

លោក Koeman បាន​ឲ្យដឹងថា៖ «យើង​បាន​ផ្លាស់​ប្តូរ​របៀប​លេង​របស់​​យើង​បន្តិច​។ ប្រសិន​បើ​ឃើញ​បញ្ជី​ឈ្មោះ​កីឡាករ តើ​អ្នក​នឹង​​ធ្វើ​បែប​ណា? តើ​ត្រូវ​លេង​បែប Tiki-taka ឬ? លេង Tiki-taka យ៉ាង​ម៉េច​ បើគ្មាន​ចន្លោះ​ផង​​ហ្នឹង​»៕

ប្រភព​ព័ត៌​មាន៖ BBC