ក្លិបបាល់​ទាត់​វិសាខា កាលពីប៉ុន្មាន​ម៉ោង​មុន​នេះ បាន​ប្រកាស​តែងតាំង​គ្រូជំនួយជនជាតិ​នីហ្សេរីយ៉ា លោក Akeeb Tunji Ayoyinka ឱ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ស្តីទី និង​បន្ត​​ដឹកនាំ​ក្រុមមាន​មូល​ដ្ឋាន​នៅ​កីឡដ្ឋាន​ព្រីនស៍​មួយនេះ សម្រាប់ការ​ប្រកួត ដែល​នៅ​សេល​សល់ នៃ​លីគកំពូល​កម្ពុជា ព្រមទាំងការ​ប្រកួត​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០២១។

វិសាខា បាន​ប្រកាស​នៅលើ​ផេចហ្វេសប៊ុក​របស់​ខ្លួន កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា៖​«ក្លិប​របស់យើង មានកិត្តិយស សូមប្រកាសតែងតាំង​គ្រូ​ជំ​នួយ​លោក Akeeb Tunji Ayoyinka ជា​គ្រូ​​បង្គោល​ស្ដីទី ដើម្បី​ដឹក​នាំ​គ្រប់​ការ​ប្រ​កួត​សេស​សល់ ក្នុង​រដូវ​កាល​ឆ្នាំ​២០២១ ទាំង​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីគ និង​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេ​នា​បតី​តេជោ ហ៊ុន សែន លើកទី១៥»។

ការ​ប្រកាស​តែងតាំង​គ្រូ​ជំ​នួយ​លោក Akeeb Tunji Ayoyinka ឱ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ស្ដីទី ដើម្បី​ដឹក​នាំ​ ក្រុម​វិសាខា បន្ត​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ត្រឹម​រយៈពេល​១​ថ្ងៃ នៃការ​​ប្រកាស​ចែក​ផ្លូវជាមួយគ្រូ​បង្វឹក​អៀរឡង់ លោក Curtis Colum Gerard កាលពី​ថ្ងៃអាទិត្យ គឺ​បន្ទាប់ពី​​លោក Colum បាន​ដឹក​នាំ​​ក្រុម​វិសាខា យក​ឈ្នះ​ក្រុម​ណាហ្គាវើលដ៍ ១-០ កាលពី​ថ្ងៃសៅរ៍។

ជុំវិញ​ការ​​ចែក​ផ្លូវ​ជាមួយ​លោក Curtis Colum Gerard នេះ ​ក្លិប​វិសាខា បាន​បង្ហោះ​ព័ត៌មាន​​ថា៖ ​«ពួកយើងទាំងអស់គ្នា សូមអរគុណលោកគ្រូ Curtis Colum Gerard សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ក្លិប​របស់​យើង​កន្លង​មក ។ តាង​នាម​គ្រួ​សារ​បាល់​ទាត់ វិសាខា សូម​ជូន​ពរ​លោក​គ្រូ Colum ជួប​តែ​សំ​ណាង​ល្អ និង​​ទទួល​បាន​ជោគ​ជ័យ ​ក្នុង​អា​ជីព​នា​ថ្ងៃ​អនាគត»។

យ៉ាងណា​ក៏ដោយ សម្រាប់ការ​ប្រកាស​ចែក​ផ្លូវជាមួយ​គ្រូ​បង្វឹក​លោក Curtis Colum Gerard នេះ បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋានទូទៅ​  ជាពិសេស​អ្នកគាំ​ទ្រ​ក្រុម​វិសាខា ផ្ទាល់ បានកើត​ជា​ចម្ងល់ និងមាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​គ្រូ​បង្គោល​រូប​នេះ កំពុង​តែ​ដឹកនាំ​ក្រុមបាន​យ៉ាង​ល្អ ដើម្បី​ឈាន​ទៅ​រកការ​​ប្រជែង​យក​ពាន ជា​លើក​ដំបូង នៅលីគកំពូល​កម្ពុជា ជា​លើក​ដំបូង នោះ។

ក្រោមការ​ដឹកនាំ​​របស់​លោក Curtis Colum Gerard ក្រុម​វិសាខា បាន​បញ្ចប់ការ​ប្រកួត​ជើង​ទី​១ នៃ​លីកកំពូលកម្ពុជា ដោយ​មិនស្គាល់ការ​ចាញ់សោះ មុនពេល​ពួកគេ មក​ចាញ់​ក្រុម​បឹងកេត ២-១ វិញ ក្នុងជើងទី​២ កាលពី​ពេលថ្មីៗ​នេះ ដែល​ធ្វើ​ឱ្យការ​ប្រកួតទាំង​១៤​លើក​របស់ វិសាខា គឺ​ឈ្នះ​៩ ស្មើ​៤ ចាញ់​១​ប្រកួត និងកំពុង​ឈរ​នៅលេខ​៤ មាន​៣១ពិន្ទុ។

ចំណែក​​ក្រុមកពុង​ឈរ​នៅ​លេខ​១ ព្រះខ័នរាជស្វាយរៀង និងក្រុម​លេខ​២ ភ្នំពេញ​ក្រោន មាន​៣៤ពិន្ទុ​ស្មើ​គ្នា ហើយ​​ក្រុម​បឹងកេត ដែលឈរ​នៅលេខ​៣ មាន​៣៣ពិន្ទុ តែ​ក្រុមទាំង​៣​នេះ ប្រកួតបាន​១៥​លើក​ហើយ គឺមានន័យ​ថា ​លើស វិសាខា ១​ប្រកួត ហេតុនេះ វិសាខា កំពុងមាន​ឱកាស​ពេញ​ដៃ ក្នុងការ​ប្រជែង​យក​ពាន៕