ក្លិប​បាល់​ទាត់វិសាខា បាន​បង្ហាញ​ឱ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់នៅ​កម្ពុជា ឃើញ​កាន់តែ​ច្បាស់ពួកគេ មិន​ត្រឹមតែ​មានបំណង​ត្រឹម​ការ​ប្រជែង​យកពាន នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​​សំខា​ន់ជាង​នេះ គឺ​ការ​បង្ហាញ​មុខ​មាត់​បាល់​ទាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ទៅ​តាម​ទិសដៅ ដែល​ប្រធាន​ក្លិបមួយនេះ បាន​ដាក់ចេញ។

ជាមួយ​នឹងការ​ឈាន​ទៅសម្រេច​ទិសដៅនេះ ក្លិប​វិសាខា មិន​ត្រឹមតែ​ហ៊ាន​ចំណាយ​លុយ​ដ៏​ច្រើន ក្នុងការ​នាំ​យក​កីឡាករ​ល្អៗ មក​ចូល​រួម​ជួយ​ក្រុម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែលកាន់តែធ្វើ​ឱ្យ​អ្នកគាំ​ទ្រ មានការ​ភ្ញាក់​ផ្អើល​នោះ គឺ វិសាខា បាន​បន្ត​តែង​តាំង​គ្រូ​បង្វឹក ដែល​មាន​ទេព​កោសល្យ និង​បទពិសោធ ឱ្យកាន់តែ​តួនាទីសំខាន់ៗ នៅ​ក្នុង​ក្លិប​របស់​ខ្លួន ជា​បន្ត​បន្ទាប់។

ការ​នាំ​យក​អតីត​គ្រូបង្គោល​ក្រុម​ទ័ព លោក ភា សុភ័ក្រ្តា ដែលកំពុងបំពេញ​តួនាទី ជា​​គ្រូ​ជំនួយ នៅ​ក្នុង​ក្រុមជម្រើសជាតិ ឱ្យមក​​ធ្វើ​ជាគ្រូវិភាគ នៅ​ក្នុង​ក្លិប​វិសាខា កាលពី​ពេល​ថ្មីៗ​នេះ ​វា​បាន​ក្លាយ​ជា​របត់ថ្មី​មួយ សម្រាប់​ក្លិបអ្នក​មាន​ទ្រព្យ​មួយនេះ ហើយ​បន្ថែម​លើ​នេះ វិសាខា កាលពី​ថ្ងៃទី​៦ ខែធ្នូ កន្លង​មកនេះ បាន​ប្រកាស​តែងតាំង​អតីត​គ្រូ​បង្គោល​ក្រុម​ណាហ្គាវើលដ៍ លោក មាស ចាន់ណា ឱ្យ​ធ្វើ​ជា​អ្នកចាត់ការ​ក្រុម ដែល​រឿងនេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ មានការ​ភ្ញាក់ផ្អើល កាន់តែ​ខ្លាំង។

បន្ថែម​ទៅ​លើ​វត្តមានលោក ភា សុភ័ក្រ្តា និង​ លោក មាស ចាន់ណា នេះ វិសាខា កាលពីព្រឹក​ថ្ងៃ​ពុធនេះ បានប្រកាស​​តែងតាំង​គ្រូ​បង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon ជាគ្រូ​បង្គោល​ថ្មី ជំនួសកៅអីរបស់​អតីតគ្រូបង្វឹកចាស់លោក Colum Curtis ដែលក្លិបបានចែកផ្លូវកាលពីថ្មីៗនេះ។

​វិសាខា បាន​ប្រកាស​ពីការ​តែងតាំងនេះ​ថា៖ «ក្លិប​កីឡាបាល់ទាត់​វិសាខា មានសេចក្ដី​សោ​ម​នស្ស​រីក​រាយ​ក្រៃ​លែង ក្នុង​ការ​ប្រ​កាស​តែង​តាំង​លោក Lee Tae Hoon ​ជា​គ្រូ​បង្គោល​របស់​យើង ដើម្បី​ត្រៀម​ការ​ប្រ​កួត នា​រដូវ​កាល​ថ្មី ឆ្នាំ​២០២២។ សូមស្វាគមន៍ លោកគ្រូ មក​កាន់​គ្រួសារបាល់ទាត់ វិសាខា»។

ការ​នាំ​យក​បុគ្គល​ឆ្នើមៗ​ទាំង​៣​រូប មក​រួមគ្នា​ដឹកនាំ​ក្រុម​វិសាខា នា​រដូវ​កាល​ថ្មី​នេះ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា វិសាខា ពិតជា​ចង់​ទទួលបានជោគ​ជ័យ លើសពី​​ការ​ឈ្នះ​ត្រឹម​តំណែង​ជើងឯក ពាន​រង្វាន់សម្តេច ហ៊ុន សែន ចំនួន ​២ ​ឆ្នាំជាប់ៗ​គ្នា កន្លងមក​នេះ ហើយ​អ្វី​ដែល​ជា​មហិច្ឆតាធំ​នោះ គឺ​វិសាខា ចង់​លើក​មុខមាត់​បាល់​ទាត់​កម្ពុជា តាម​រយៈការ​ប្រកួត​ប្រជែង នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ពេលនេះ វិសាខា កំពុង​ត្រៀម​ខ្លួន​ប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2022 ផងដែរ៕