ក្លិប​អ្នក​មានទ្រព្យ វិសាខា មិនបណ្តោយ​ឱ្យ​ខ្សែការពារ​ដ៏​រឹងមាំ​របស់​អាហ្រ្វិកខាងត្បូង KHAN MOHAMMED FAEEZ ចាកចេញ​នោះ​ទេ គឺ​ក្រុមមាន​មូល​ដ្ឋាន​នៅ​កីឡដ្ឋាន​ព្រីនស៍​មួយនេះ បានចងជើង​អ្នក​ការ​ពារ​ម្នាក់នេះទុក តាម​រយៈការ​បន្ត​កុងត្រា​ថ្មី រហូត​ដល់​ចប់​ឆ្នាំ​២០២២។

«ពួកយើង ពិតជារីករាយ ក្នុងការប្រកាសបន្ដកិច្ចសន្យា ជា​មួយ​ខ្សែ​ការពារ​អាហ្វ្រិក​ខាង​ត្បូង KHAN MOHAMMED FAEEZ រហូតដល់ឆ្នាំ ២០២២»។ នេះជា​សេចក្តី​ប្រកាស​របស់​ក្លិប​វិសាខា កាលពី​ថ្ងៃ​ម្សិលមិញ ជុំវិញការ​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​របស់​អាហ្រ្វិកខាងត្បូងពាក់​លេខ​៤​​រូបនេះ សម្រាប់​ត្រៀម​លេង នៅ​រដូវ​កាលថ្មី។

​តាម​រយៈ​​ការ​​ប្រកាស​​នេះ បាន​បង្ហាញ​ថា ​អតីត​ខ្សែ​ការពារ​អាហ្វ្រិក​ខាង​ត្បូង KHAN MOHAMMED FAEEZ របស់​ក្លិប​កងយោធពល​ខេមរភូមិន្ទ(ទ័ព) រូបនេះ បាន​ក្លាយ​ជា​កីឡាករ​បរទេស​ដំបូង​គេ ក្នុងចំណោម​កីឡាករ​បរទេស​ទាំង​៥​នាក់ លេង​នៅរដូវកាលឆ្នាំ​២០២១ ដែលក្លិប​វិសាខា បាន​សម្រេច​បន្តកុង​ត្រា សម្រាប់ត្រៀម​លេង​នៅរដូវ​កាល​ថ្មី ខណៈ​៤នាក់ទៀត វិសាខា នៅមិនទាន់បានប្រកាស នៅឡើយ​ទេ។

តែ​ទោះបីជា​យ៉ាង​ណា នៅក្នុងចំណោម​កីឡាករ​បរទេស​៤នាក់ទៀត ដែល​ក្លិប​វិសាខា មិនទាន់បាន​ប្រកាស​នោះ គឺ​អាច​នឹងមាន​បេក្ខភាព​២នាក់ ត្រូវ​ចាក​ចេញ ព្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃ​នេះ វិសាខា បាន​នាំយកកីឡាករ​ជនជាតិប្រេស៊ីល២នាក់ ដើម្បី​ត្រៀម​រដូវ​កាលថ្មី​រួច​ទៅហើយ ហើយ​អ្នក​ទាំង​២នេះ រួមមាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ Junior De Barros និងខ្សែបម្រើប្រយុទ្ធ វ័យ​២៦​ឆ្នាំ Marcos Vinícius។

ជាមួយ​គ្នា​នេះ ក្លិប​វិសាខា ក៏​បាន​នាំ​យក​គ្រូបង្វឹក​មានគុណ​ភាព​ចំនួន​៣នាក់ មក​រួមគ្នា​ដឹក​នាំ​ក្រុម​ផងដែរ គឺ​ទី​១ អតីត​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ដែល​មាន​តួនាទីជា​អ្នកចាត់ការ​ក្រុម ទី​២គឺ​អតីត​គ្រូ​បង្វឹកក្រុមណាហ្គាវើលដ៍ លោក មាស ចាន់ណា ដែល​មក​​ដឹកនាំ​ក្នុ​ងនាមជាគ្រូ​បង្គោល ហើយ​ទី​៣ គឺ​​គ្រូ​ជំនួយ​ក្រុមជម្រើសជាតិ​កម្ពុជា លោក ភា សុភ័ក្ត្រា ដែល​មានតួនាទី​ក្នុង​ក្លិប​វិសាខា ជា​គ្រូ​វិភាគ៕