គ្រូ​បង្វឹក​លោក មាស ចាន់ណា បាន​ប្រតិកម្ម​ខ្លាំងទៅនឹងក្លិប​ណាហ្គាវើលដ៍ ដែល​លោក​បាន​​ធ្លាប់រួម​រស់​នៅជាមួយ​អស់​រយៈពេល​២០​ឆ្នាំ ហើយលោក​​បាន​ចាត់​ទុក​ការ​ជូន​ដំណឹង​យឺត​ពេល​​​​ពេក ​នៃ​ការមិន​បន្តកុង​ត្រាដល់​រូប​លោក ពីសំណាក់​ថ្នាក់​ដឹកនាំ​របស់​ក្លិប​នេះ ថាជា​រឿង​ខុស​ទៅ​នឹង​ច្បាប់បាល់​ទាត់ ដែល​ប្រៀប​ដូច​ទៅនឹងការ​បោក​ប្រាស់មួយ សម្រាប់ប្រើ​រូប​លោក ផងដែរ។

បើ​ទោះបីជា លោក មាស ចាន់ណា មិន​បាន​បង្ហាញ​ត្រង់ៗ ពី​អ្វី​ដែល​លោក​បាន​និយាយ​សំដៅ​ទៅ ប៉ុន្តែ​តាម​រយៈសំណេរ​យ៉ាងខ្លី ដែល​លោកបានបង្ហោះ នៅលើ​ហ្វេសប៊ុក កាលពី​ព្រលប់ ថ្ងៃអាទិត្យ ម្សិលមិញ បាន​បញ្ជាក់ច្បាស់​រួច​ទៅ​ហើយ​ថា លោកនិយាយ​ពី​ថ្នាក់ដឹកនាំ​របស់​ក្លិប​ណាហ្គាវើលដ៍ ដែល​មិន​បានគោរព​ទៅតាមគោលការណ៍នៃ​ច្បាប់​បាល់​ទាត់ លើ​បញ្ហា​មិន​បន្ត​កុងត្រា​ថ្មី ដល់​រូប​លោក។

លោក មាស ចាន់ណា បាន​សរសេរ​បង្ហោះ បែបនេះថា៖​ «បើ​មិន​បន្ត​កុងត្រា សូម​អស់​លោក​គួរ​តែ​ផ្តល់​ដំណឹង​ដល់​គេ​ យ៉ាង​ហោច​ណាស់ ១ ខែ​មុន​ផង មិន​មែន​អស់​លោក ​ផ្តល់​ដំណឹង​តែ​កន្លះ​ខែ​ទេ ​សូម​អស់​លោក​ស្គាល់​អំពី​ច្បាប់​បាល់​ទាត់​ផង ព្រោះ​អស់​លោក​សុទ្ធ​តែ​មក​ពី​ប្រទេស ​ដែល​រីក​ចំរើន​ផ្នែក​បាល់​ទាត់ ស្គាល់​អំពី​ច្បាប់​បាល់​ទាត់។ ខ្ញុំ​មិន​ដែល​អង្វរ រឺ​ក៏​ទ្រ​អស់​លោក ដើម្បី​បន្ត​កុងត្រា​នោះ​ទេ បើ​ខ្ញុំ​ដឹកនាំ​អន់ ​អស់​លោក ​ដក​ខ្ញុំ​ចេញ​តាំង​ពី​យូរ​មក​ហើយ ( តែ​កុំ​មក​បោក​ប្រាស់)»។

ការ​បង្ហោះសារស័ព្ទ​នេះ បាន​ក្លាយ​ជា​រឿង​ដ៏​រសើប ដែល​ធ្វើ​ឱ្យ​អ្នកគាំ​ទ្របាល់​ទាត់​កម្ពុជា មានការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​អ្នក​ខ្លាំង បាន​កើត​ជា​ចម្ងល់​ថា ហេតុអ្វី​ ណាហ្គាវើលដ៍ ដែល​ជាក្លិប​ធំមួយ ធ្វើ​រឿង​បែប​នេះ? ហើយ​រឹត​តែ​ម្ងល់​ទៀត​ថា ហេតុ​អ្វី ក្លិបណាហ្គាវើលដ៏ ឈាន​ដល់​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្គោល លោក មាស ចាន់ណា? ខណៈ​បុរសម្នាក់នេះ បាន​លះ​បង់​ទាំង​កម្លាំង​កាយ ចិត្ត ចំណេះ​ដឹង និង​បទពិសោធ ចំពោះ​ក្លិបនេះ អស់​រយៈពេល ២០ ឆ្នាំ មក​ហើយ​នោះ។

គួរ​រំឭក​ថា លោក មាស ចាន់ណា ធ្លាប់លេង​ឱ្យ​ក្លិបណាហ្គាវើលដ៍ (ពីមុនឈ្មោះ ណាហ្គាខប) អស់​រយៈ​ពេល​១៣​ឆ្នាំ ក្នុង​នាមជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់ មុនពេល​លោក​បាន​វិវឌ្ឍ​ខ្លួន​មក​ធ្វើ​ជា​គ្រួជំនួយ និង​គ្រូ​បង្គោល ដឹកនាំ​ក្លិប​ដដែលនេះ ដោយ​បើ​គិត​មក​ដល់ពេលនេះ បាន​ចំនួន​៧​ឆ្នាំ​ហើយ ហើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​នេះ លោក មាស ចាន់ណា ធ្លាប់​ជួយ​ក្លិប​នេះ លើក​ពាន​លីគកំពូល​កម្ពុជា ចំនួន​៣ដង កាលពី​ឆ្នាំ​២០០៧ ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៨ ចំណែក​ការ​ប្រកួតពាន​រង្វាន់​សម្តេច ហ៊ុន សែន វិញ លោក មាស ចាន់ណា ធ្លាប់ជួប​ ណាហ្គាវើលដ៍  ឱ្យ​ឈ្នះ​ពាន​​១​លើក កាលពី​ឆ្នាំ​២០១៣ និងឈ្នះ​​ជើងឯក​រង ចំនួន​​៦​លើក៕