គ្រូបង្វឹក​លោក មាស ចាន់ណា ដែល​ទើបបាន​ចែក​ផ្លូវ​ជាមួយ​ក្រុម​ណាហ្គាវើលដ៍ លោក មាស ចាន់ណា បាន​ក្លាយជាអ្នក​ចាត់ការ​ថ្មី​របស់​ក្លិប​បាល់​ទាត់​វិសាខា ដោយ​លោក​នឹង​ចូល​រួម​ដឹកនាំ​ក្រុម​មួយនេះ ទាំង​ការ​ប្រកួត​ពាន​រង្វាន់សម្តេច ហ៊ុន សែន និង​លីគ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី ឆ្នាំ​២០២២ ខាង​មុខ​នេះ។

«សូមស្វាគមន៍អ្នកចាត់ការក្រុមថ្មីរបស់យើង មក​កាន់​គ្រួ​សារ​បាល់​ទាត់​វិសាខា» នេះជា​ការ​ប្រកាស​ព័ត៌​មាន អម​ដោយ​ខ្សែ​វីដេអូ​ខ្លី ដែល​ក្លិប​វិសាខា ​បាន​បង្ហោះ​នៅ​លើ​ផេចហ្វេស​បុក​ផ្លូវការ​​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទនេះ ដើម្បីស្វាគមន៍ការ​មក​ដល់កីឡដ្ឋាន​ព្រីនស៍​របស់​គ្រូ​បង្វឹក​វ័យ​ក្មេង មាន​បទពិសោធ លោក មាស ចាន់ណា។

ការ​ចុះ​ហត្ថលេខា នាំ​យក​គ្រូ​បង្វឹក​លោក មាស ចាន់ណា មក​ធ្វើជា​អ្នក​ចាត់ការ​ក្រុម​វិសាខា នេះ បាន​ធ្វើឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា មានការ​ចាប់អារម្មណ៍​ខ្លាំង ដោយ​គ្រប់គ្នា សុទ្ធតែ​បាន​សម្តែងការ​អបអរ​ដល់​អតីត​គ្រូ​បង្គោល​ក្រុម​ណាហ្គាវើលដ៍​រូប​នេះ ហើយ​​​សូម្បី​អតីត​គ្រូ​បង្គោល​ក្រុម​វិសាខា លោក ហុក សុជីវ័ន ដែល​កំពុង​ដឹកនាំ​ក្រុម​កោះកុង​អេហ្វស៊ី ក៏​បាន​សម្តែង​ការ​អបអរ​សាទរ ដល់​លោក មាស ចាន់ណា សម្រាប់ការ​ទទួលបានការ​ងារ​ថ្មី នៅ​ក្លិប​វិសាខា នេះ​ផងដែរ។

វត្តមាន​របស់​លោក មាស ចាន់ណា ក្នុង​នាមជា​អ្នក​ចាត់ការ នៅ​ក្នុង​ក្លិប​វិសាខា នាពេលនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ​ក្លិបមួយ​នេះ ដែលមាន​លោក​ស្រី កែ សួនសុភី ជា​ប្រធាន​សហព័ន្ធ បាននឹងកំពុង​ផ្តល់​តម្លៃឱ្យ​គ្រូ​បង្វឹកក្នុង​ស្រុក ដើម្បី​អាច​បញ្ចេញ​សមត្ថ​ភាព របស់​ខ្លួន ខណៈ​គ្រូជំនួយ​ក្រុមជម្រើសជាតិ​កម្ពុជា លោក ភា សុភ័ក្រ្តា ដែល​ជា​មិត្ត​ភ័ក្តិ​របស់ លោក មាស ​ចាន់ណា ក៏​ទើប​ត្រូវ​បានតែង​តាំង​ជា​គ្រូ​បង្វឹក​ផ្នែកកាយសម្បទា នៅ​ក្នុង​ក្លិប​វិសាខា ផងដែរ៕