បរទេស៖ អនា​គត​របស់​លោក Nuno Espírito Santo ក្នុងនាម​​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប Tottenham កំពុង​តែ​ស្ថិត​ក្នុង​ភាពមិនច្បាស់ ក្រោយពី​ប្រធាន​ក្លិប​លោក Daniel Levy និង​នាយកគ្រប់​​គ្រង​លោក Fabio Paratici បាន​រៀប​ចំ​កិច្ច​ពិភាក្សា​ភ្លាម​ៗ ក្រោយពីការ​រង​​បរា​ជ័យ​ក្នុង​លទ្ធផល ៣-០ ក្រោមស្នា​ដៃក្រុម Manchester United លើ​ទឹកដីខ្លួន​ឯង​កាលពីថ្ងៃ​សៅរ៍​។

ការ​រង​បរា​ជ័យ​ដ៏​ខក​ចិត្ត​នេះ ដែល​ក្នុងនោះ​ក្រុម Tottenham មិនមាន​ឱកាស​ស៊ុត​បាល់សម្តៅ​ទី​សូម្បី​តែ​១​គ្រាប់ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅពេល​ដែលអ្នក​គាំទ្រ​ជាច្រើនបាន​ស្រែក​ឲ្យ​ប្តូរអ្នក​ចាត់​ការ​ទូទៅ និង​អំពាវ​នាវ​ឲ្យ​លោក Levy ចាត់វិធាន​ការ​។ វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា បើ​ទោះ​បី​លោក Nuno បាន​ចុះ​កុង​ត្រា​រយៈពេល​២​ឆ្នាំ កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ក៏ដោយ ប្រធាន​ក្លិប និង​លោក Paratici បាន​ជួប​ប្រជុំ​កាលពីថ្ងៃ​អាទិត្យ ដើម្បី​ពិភាក្សា​ទៅលើ​អនា​គត​របស់​គ្រូបង្វឹក​រូបនវ ក្រោយពី​ការ​ជួប​លទ្ធផល​ដ៏ខក​ចិត្ត​ជា​បន្ត​បន្ទាប់ ដែលបាន​ធ្វើ​ឲ្យ​ក្រុម Spurs ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់លេខ​៨​លើ​តារាង Premier League​។

លោក Sérgio Conceição គ្រូ​បង្វឹក​របស់​ក្លិប Porto និងមិត្ត​រួម​ជាតិ​របស់​លោក​​គឺ​លោក Paulo Fonseca ដែល​ត្រូ​វ​បាន​ទាក់​ទង​ឲ្យ​ទៅ​ដឹកនាំ​ក្លិប Newcastle ត្រូវ​បាន​គេ​ជឿជាក់​ថា ស្ថិត​ក្នុង​​ចំណោម​បេក្ខ​ភាព​ដែល​មាន​​អាទិ​ភាព​ខ្ពស់ក្នុងការ​ទៅដឹកនាំ​ ប្រសិន​បើ​ក្លិប Tottenham សម្រេច​ចិត្ត​បណ្តេញ​លោក Nuno ចេញ​ ស្រប​ពេល​ដែលការ​ពិភាក្សា​កំពុង​តែ​បន្ត​៕

 

ប្រភព​ព័ត៌មាន៖ The Guardian