បរទេស៖ ក្លិប Tottenham បាន​បណ្តេញ​លោក Nuno Espirito Santo ចេញពី​តំណែង​អ្នក​ចាត់​ការ​ទូទៅ ក្រោយពី​ដឹក​បាន​ត្រឹម​តែ​រយៈពេល​៤​ខែ​។ Spurs បាន​រង​បរា​ជ័យ​៥​លើក ក្នុងចំណោម​ការ​ប្រកួតលីក​៧​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ចាញ់ក្រុម Manchester United ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ ផង​ដែរ​។

ពួកគេ​កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៨ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League និង​ដេញ​តាមពីក្រោយក្រុម​កំពុង​តែ​មានពិន្ទុ​នាំមុខ​Chelsea ចំនួន​១០ពិន្ទុ​។ លោក Fabio Paratici នាយក​​​ផ្នែក​កីឡា​បាល់​ទាត់​ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ដឹង​ពីកម្រិត​ដែលលោក Nuno និង​ក្រុម​ការ​ងារ​របស់​លោក​ចង់​ទទួល​បាន​ជោគ​ជ័យ ហើយខ្ញុំ​សោកស្តាយ​ណាស់​ដែល​យើង​ត្រូវ​តែ​ធ្វើការ​សម្រេច​ចិត្ត​បែប​នេះ​»​។

គ្របង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​៤៧​ឆ្នាំ​រូបនេះ ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ Spurs ក្នុងកិច្ច​សន្យា​រយៈពេល​២​ឆ្នាំ កាល​ពី​ខែមិថុនា ក្រោយពីចំណាយ​ពេល​អស់​៤ឆ្នាំ​ជាមួយនឹងក្លិប Wolves​។ លោក Paratici បាន​បន្ថែម​ទៀត​ថា៖ «លោក Nuno គឺ​ជា​សុភាព​បុរស​យ៉ាង​ពិត​ប្រាកដម្នាក់ និង​តែង​តែ​ស្វាគមន៍​ជានិច្ច​នៅ​ទីនេះ​។ យើង​សូម​ថ្លែ​អំណរគុណ​ដល់​លោក និង​ក្រុម​ការ​ងារ​របស់​លោក ហើយ​សូមជូន​ពរ​ឲ្យពួកគេ​ជួប​តែ​សំណាងល្អ​នៅ​ថ្ងៃ​អនា​គត​»​៕

 

ប្រភព​ព័ត៌មាន៖ BBC