បើ​ទោះបីជា ស្ថានភាព​នៃ​​​ហ្វឹកហាត់ ​ជួប​ការលំបាក​ខ្លាំង ដោយសារ​វិបត្តិ​នៃ​​ជំងឺ ប៉ុន្តែ​ការ​ព្យាយាម​ជម្នះ ដោយមាន​តាំងការបោះជំរំ​ហ្វឹក​ហាត់ នៅ​តាម​តំបន់​ឆ្នេរសមុទ្រនោះ វា​នៅតែ​​ជួយ​ឱ្យក្រុម​អត្តពលិកគុន​ល្បុក្កតោកម្ពុជា មាន​សមត្ថភាព​ល្អ ក្នុង​ការ​ដណ្តើម​បាន​ជយលាភី ជូនជាតិ។

ជាក់ស្តែង សម្រាប់ការ​ចូល​រួម​ប្រកួតកីឡា​យុទ្ធគុន​ចម្រុះ​ពិភព​លោក ឈ្មោះ​ថា The 2021​ International Martial Arts Contest ដែល​រៀបចំ​ដោយ​ស្ថាប័ន​យុទ្ធគុន​ចម្រុះ​ពិភពលោក ​(WoMAU)​​ តាម​រយៈប្រព័ន្ធ​អន​ឡាញ ហើយបានបញ្ចប់ កាលពី​ថ្ងៃទី​៣១ ខែតុលា ថ្មីៗ​នេះ ក្រុម​គុនល្បុក្កតោកម្ពុជា ​បាន​ឈ្នះ​មេដាយមាស​រដូវដល់​៣ រួមទាំង​មេដាយ​ប្រាក់ចំនួន​​២​ទៀត ផងដែរ។

តាមលោក​ អ៊ូ ​តារា ​អគ្គ​លេខាធិការ​រង​ សហព័ន្ធកីឡា​គុនល្បុក្កតោ​កម្ពុជា សម្រាប់មេដាយមាស​ទាំង​៣ ដែល​កម្ពុជា ដណ្តើម​បាននេះ គឺរកបាន​ដោយ​កីឡាការិនី ​យស់​ សញ្ចនា លើ​វិញ្ញាសា​ទ្វារ​មេគុនដៃ​ ព្រមទាំង​​កីឡាករ ​ធួន ​ណារ៉ាក់ និង ​វ៉ន ​សុខស្រី​ពិសិដ្ឋ​ ដែល​​ប្រកួត​លើវិញ្ញាសា​មេគុនដៃជាគូ​ ហើយ​មេដាយ​មាសទី​៣ រក​បាន​ដោយ​​ការ​ប្រកួត​សម្តែង​​​ជា​ក្រុម ​របស់​​កីឡាករ ​គឹម ​ទិត្យសុវឌ្ឍន:, ​រុន ​សាលីត​, ​ពន្លឺ ពេជ្រមរកត,​​អោក ​រិទ្ធានី​,​​ព្រំ ​ពេញពិសាល ​ឈើន វណ្ណរិទ្ធ ​កីឡាការិនី ​យស់​ សញ្ចនា និងកីឡាការិនី ភិរម្យ ​មន្នីរ័ត្ន​។

ចំណែក​មេដាយ​ប្រាក់ទាំង​២​វិញ គឺគុន​ល្បុក្កតោ​កម្ពុជា ​ដណ្តើម​បាន ក្នុង​ការ​ប្រកួត​សម្តែង​ទ្វារ​​មេគុន​ដៃ​​របស់​កីឡាករ ​ពេជ្រ​ ពន្លឺ​ ​និង​​លើវិញ្ញាសា​សមយុទ្ធ​ដៃ​គូ​​របស់​កីឡាការិនី​ស៊ិន សៀវស៊ាន និង​​កីឡាករ អៃ សំអ៊ុន ខណៈការ​ប្រកួត​​កីឡា​យុទ្ធគុន​ចម្រុះ​ពិភព​លោកនេះ មាន​​​ប្រទេស​ចំនួន​​១២ ​បាន​​ចូល​រួម ​ក្នុងនោះ​មាន​​ប្រទេស​ឡាវ, ​អេហ្ស៊ីប​, វៀតណាម​, ឥណ្ឌា​, អ៊ូបេគីស្ថាន​, ហ្គាណា, ​ហ្វីលីពីន, ​ម៉ាឡេស៊ី, ​អ៊ីរ៉ង់​, សិង្ហបុរី,​ កូរ៉េ ​និង​កម្ពជា​ ដោយមាន​ កីឡាករ​កីឡាការិនី​ចូល​រួម​សរុប​ចំនួន​ ២២០នាក់។

​ចំពោះ​លក្ខខណ្ឌ​ និង​​​បែបបទ​នៃ​ការ​ប្រកួត The 2021 international Martial Arts Contest នេះ លោក អ៊ូ តារា បាន​ប្រាប់​បន្ថែម​ថា ​​កីឡាករ​កីឡាការិនី​ចូល​រួម​​ទាំងអស់ ​ត្រូវ​​ប្រ​កួត​ប្រជែងគ្នា​ តាម​រយៈ​អនឡាញ គឺមាន​ន័យ​ថា ក្រុមអត្តពលិក​តំណាង​ឱ្យ​ប្រទេស​នីមួយៗ ត្រូវ​​សម្តែងនៅរាល់​វិញ្ញាសា​របស់​ខ្លួន ​រួច​ថត​ជា​រូប​ភាព​វីដេអូ​ ដាក់​ជូន​​​ទៅ​គណៈ​កម្មការ​​ ដើម្បី​វាយ​តម្លៃ និង​​ដាក់​ពិន្ទុ​។

ចំណែក​លោក​ វ៉ាត់ ​ចំរើន ​អគ្គ​លេ​ខា​ធិ​ការ​ សហព័ន្ធ​កីឡា​​គុនល្បុក្កតោ​កម្ពុជា​ បាន​ថ្លែង​ថា៖​​ «ក្រុម​គុនល្បុក្កតោកម្ពុជា​ តែងតែ​បាន​​ចូល​រួមការ​ប្រកួតនេះ ​​ជា​រៀង​រាល់​ឆ្នាំ ​នៅ​សាធារណ​​រដ្ឋកូរ៉េ​ គឺ​ទៅ​ចូលរួមនៅ​ទី​តាំង​ប្រកួត​ផ្ទាល់តែម្តង​ ​ប៉ុន្តែ​នៅ​​ឆ្នាំ​២០២១​នេះ​ ដោយ​សារវិបត្តិ​ជំងឺ​កូវីដ១៩​ ការ​រៀប​ចំការ​ប្រកួត ​គឺ​ធ្វើ​ឡើង​តាម​អនឡាញ​។

លោក​បានប្រាប់​បន្ថែម​​ថា៖​ «​កន្លង​មក​កម្ពុជា យើង​​ធ្លាប់​ឈ្នះ​មេដាយ​មាស​ម្តង​ហើយ​ ហើយ​នៅ​ឆ្នាំ​២០២១​នេះ ​​កម្ពុជា​យើង​ឈ្នះ​មេដាយ​មាស​ជាថ្មី​ម្តង​ទៀត ​ដែល​នេះ​ជាកិត្តិយស​ដ៏​​ធំធេង ​សម្រាប់​គុន​ល្បុក្កតោ​កម្ពុជា និង​ជា​​ការ​​ផ្សព្វផ្សាយ​​គុន​ល្បុក្កតោ​​ ទៅ​​កាន់​ពិភព​លោកផងដែរ ​ដោយកម្ពុជា​តែង​​តែ​​ជំរុ​ញ​​ការ​​ផ្សព្វផ្សាយ​​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​​ជា​អន្តរ​ជាតិ»៕