មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានចាត់ទុក ការទទួលបានជោគជ័យ ក្នុងការដាក់កីឡាប្រពៃណី «គុនល្បុក្កតោ» ទៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ថា ជាមហាកិត្តិយសរបស់កម្ពុជា។
លោក វ៉ាត់ ចំរើន បានប្រាប់ថា៖ «ការដាក់គុនល្បុក្កតោ ចូលទៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ វាជាគោលបំណងរបស់យើង យូរមកហើយ ហើយវាជាកិត្តិយសរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានដាក់ក្បាច់គុន ជាប្រពៃណី វប្បធម៌របស់យើង ចូលទៅក្នុងស៊ីហ្គេម អ៊ីចឹងផែនការរបស់យើង ទទួលបានជោគជ័យ ដោយសារប្រទេសទាំងអស់ បានគាំទ្រ ដាក់ឱ្យបញ្ចូលជាផ្លូវការ ហេតុនេះវាជាមហាកិត្តិយសមួយហើយ សម្រាប់យើង»។
គួរបញ្ជាក់ថា គុនល្បុក្កតោរបស់កម្ពុជា ជាកីឡាមួយប្រភេទ នៅក្នុងចំណោមកីឡាទាំង៤០ ដែលកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប បានឯកភាព ដាក់បញ្ចូល នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ហើយសម្រាប់កិច្ចប្រជុំ ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រ ហើយទើបបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ត្រូវបានលោក វ៉ាត់ ចំរើន អះអាងថា កម្ពុជា ទទួលបានជោគជ័យខ្លាំង ក្នុងនាមជាម្ចាស់ផ្ទះ ជាលើកដំបូងនេះ។
អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «កិច្ចប្រជុំរបស់យើង បានដំណើរការទៅដោយរលូន និងបានសម្រេចនូវគោលដៅ ដែលយើងចង់បាន ដោយក្នុងនោះ យើងទទួលបានការគាំទ្រពេញទំហឹង សម្រាប់ការដាក់ចំនួនប្រភេទកីឡាទាំង៤០ ចូលទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយប្រទេសទាំងអស់ បានគាំទ្រ ហើយយើងក៏ទទួលបានកាគាំទ្រ ក្នុងការដាក់លក់សិទ្ធផ្សព្វផ្សាយ ទៅដល់ប្រទេសផ្សេងៗទៀតផងដែរ។ បន្ថែមលើនេះ យើងទទួលបានសម្រេចអស់ហើយ នៅផែនរៀបចំ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យ ហើយក្នុងនោះ ការដាក់ប្រភេទកីឡានេះ វាសំខាន់ជាងគេ»។
សម្រាប់ប្រភេទកីឡា ទាំង៤០ ដែលត្រូវបានប្រកាស ជាផ្លូវការ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ាននោះ រួមមាន អត្តពលកម្ម (Track &Field និង ម៉ារ៉ាតុង), កីឡាលើទឹក (ហែលទឹក លោតទឹក និងបាល់ទឹក), វាយសី, បាល់បោះ (៥x៥ និង ៣x៣), ប្រដាល់សកល, ប៊ីយ៉ាស្នូកឃ័រ, ទោចក្រយាន (កង់គួក និងកង់ភ្នំ), ទូកកានូ និងរ៉ូអ៊ីង (រួមបញ្ជូលទូកប្រពៃណី), អុក(អុកចត្រង្គ អុកប្រចាំតំបន់ អុកចិន), កីឡារាំ, គុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ (Aerobic and Artistic), ហុកគី (រួមបញ្ចូលក្នុងសាល), យូដូ, ការ៉ាតេ, គុនមួយ, កីឡាប៉េតង់ កីឡាទូកក្ដោង។
កីឡាសីដក់ (រួមបញ្ជូលសីឈិនឡុន), សូហ្វតិន្នីស, វាយកូនបាល់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង), បាល់ទះ, ចំបាប់, លើកទម្ងន់, វ៉ូស៊, កីឡា Arnis (គុនដំបងរបស់ហ្វីលីពីន), កាយវប្បកម្ម, កីឡាអេឡិចត្រូនិក, កីឡា Floorball, ជឺជីតស៊ូ, ម៉ូតូទឹក, ឃីកបុកស៊ីង, គុនល្បុក្កតោ, វ៉ូវីណាម និងយុទ្ធគុនចម្រុះកូរ៉េ។