លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុក ការទទួលបានមេដាយច្រើន ពីការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ និងការទទួលបានទង់ស៊ីហ្គេម បន្តពីម្ចាស់ផ្ទះវៀតណាម ដើម្បីយករៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ថា ជាចំណុចរបត់នៃប្រវត្តិសាស្ត្រ ក្នុងការពង្រឹងវិស័យកីឡា ឱ្យកាន់តែរីកចម្រើនទៅមុខ។


ថ្លែងសារពិសេសជូនជនរួមជាតិ ពីទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញមោទនភាព ចំពោះការទទួលបានទង់ស៊ីហ្គេម សម្រាប់កម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការដណ្តើមបានមេដាយទ្វេដង ពីការប្រកួតស៊ីហ្គេម នៅទីប្រទេសវៀតណាម លើកនេះ។
ប្រមុខដឹកនាំប្រទេសកម្ពុជារូបនេះ បានថ្លែងថា៖ «យើងទើបទទួលបានទង់ នូវការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមជាមួយឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរួមគ្នាដង្ហែមកមាតុប្រទេស ជាមួយនឹងគ្រឿង ឥស្សរិយយសយ៉ាងច្រើន ជាមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ដែលកើនឡើងទ្វេដង បើប្រៀបធៀបនឹងស៊ីហ្គេមមុនៗ។ នេះជាចំណុចរបត់នៃប្រវត្តិសាស្ដ្រ ដែលកម្ពុជាយើងបានឆ្លងកាត់នូវដំណាក់កាលដ៏ល្អ ដែលពង្រឹងវិស័យកីឡា»។
លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ ចំពោះបងប្អូនជនរួមជាតិ ក៏ដូចជាកីឡាករ កីឡាការិនី ក៏ដូចជាថ្នាក់ដឹកនាំ ដែលបានធ្វើពិធីដង្ហែនូវទង់ស៊ីហ្គេម ហើយក៏ដូចជាដង្ហែ ចំពោះគ្រឿងឥស្សរិយយស ទាំងឡាយ សម្រាប់ក្រោយការប្រកួតមកកាន់មាតុប្រទេសវិញ ហើយយកទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ស៊ីហ្គេម នឹងត្រូវប្រព្រឹត្តទៅ នៅឆ្នាំ២០២៣ ខាងមុខ ដែលជាការរៀបចំគ្រោងទុករបស់យើង អស់ជាច្រើនឆ្នាំមកហើយ»។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលទើបបានបញ្ចប់ ជាផ្លូវការ កាលពីថ្ងៃចន្ទ កន្លងមកនេះ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធចំនួន៤១ ហើយការឈ្នះបានមេដាយសរុបចំនួន៦៣ នេះ វាជាចំនួនដ៏ច្រើន ដែលបានបំបែកឯតទ្ទគ្គកម្ម សម្រាប់ចំនួនមេដាយ ដែលកម្ពុជា ធ្លាប់ដណ្តើមបាន ក្នុងការប្រកួតស៊ីហ្គេម កន្លងមក៕