កីឡាករមានដើមកំណើតមកពីខេត្តកោះកុង ប៉ោ ភារិទ្ធ ដែលគេស្គាល់ច្បាស់ថា ជាជើងខ្លាំង យ៉េន ឌីណា នោះ បានក្លាយជាបេក្ខភាពតែម្នាក់គត់ ដែលបានស្រោចស្រង់ក្រុមប្រដាល់គុនខ្មែរ តាមរយៈការដណ្តើមបានមេដាយមាស ដ៏មានតម្លៃរបស់គេ ក្នុងការប្រកួតស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលត្រូវរៀបចំពិធីបិទជាផ្លូវការ នៅយប់ថ្ងៃចន្ទនេះ។
បើទោះបីជា ការប្រកួតស៊ីហ្គេម លើកនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជូនក្រុមអត្តពលិករហូតដល់១០នាក់ (ស្រី៥នាក់) ប៉ុន្តែក្រុមមួយនេះ មិនអាចបង្កើតការភ្ញាក់ផ្អើល នៅក្នុងការប្រកួតជម្រុះរបស់ខ្លួន ដូចក្រុមប្រដាល់ឃីកបុកស៊ីង ដែលបានបញ្ចប់ការប្រកួត ដោយឈ្នះមេដាយ១ ប្រាក់៣ និងសំរឹទ្ធ១ នោះទេ។
តាមរយៈការប្រកួតនោះ ការកីឡាករទម្ងន់៥៤គីឡូក្រាម សុខ រិទ្ធ កីឡាករម្ចាដស់មេដាយសំរឹទ្ធ ទម្ងន់៥៧គីឡូក្រាម វ៉ាន់ វឿន និងកីឡាការិនី ឆា ចាន់ដេង ដែលប្រកួតក្នុងទម្ងន់៤៨គីឡូក្រាម សុទ្ធតែត្រូវបានទម្លាក់ដោយកីឡាករវៀតណាម និងកីឡាការិនីរបស់ថៃ នៅវគ្គជម្រុះដំបូង ដូចគ្នា គឺមានតែ ឃុន បូរ៉ា និង យ៉េន ឌីណា ទេ ដែលទទួលបានជ័យជម្នះ នៅក្នុងវគ្គជម្រុះរបស់ពួកគេ ដោយក្នុងនោះ បូរ៉ា បានយកឈ្នះដោយពិន្ទុលើកីឡាករម៉ាឡេស៊ី ក្នុងទម្ងន់ក្រោម៦០គីឡូក្រាមរបស់គេ ហើយ យ៉េន ឌីណា បានឈ្នះកីឡាករហ្វីលីពីន ក្នុងទម្ងន់ក្រោម៦៣,៥គីឡូក្រាម។
យ៉ាងណាក៏ដោយ ជើងខ្លាំង ឃុន បូរ៉ា ដែលត្រូវបានគេរំពឹងថា នឹងអាចឈ្នះបានមេដាយមាស ដូចបងប្រុសរបស់គេ ឃុន ឌីម៉ា (ឃីម ឌីម៉ា) ដែលបានឈ្នះមេដាយមាស ដំបូងគេ ឱ្យប្រដាល់គុនខ្មែរ កាលស៊ីហ្គេម ឆ្នាំ២០១៧នោះ បានទៅចាញ់កីឡាករថៃ ដោយសន្លប់ ក្នុងទឹកទី២ ដ៏មិនគួរឱ្យចង់ជឿ។
ចំណែកកីឡាការិនីប្រដាល់គុនខ្មែរ វី ស្រីឆាយ, សំ សំណាង, ម៉ឺយ ស៊ីង និង ទួន ស្រីភីន និងកីឡាករទម្ងន់ធ្ងន់ រុំ សំណាង (ព្រំ សំណាង) ដែលបានចាប់ឆ្នោត ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិដូចគ្នានោះ ក៏សុទ្ធតែបានចាញ់ ក្នុងវគ្គនេះដូចគ្នា ដោយបានត្រឹមមេដាយសំរឹទ្ធ ទៅតាមប្រភេទទម្ងន់រៀងៗខ្លួន។
ការបរាជ័យរបស់អ្នកទាំង៦ ខាងលើនេះ វាបានក្លាយជាសញ្ញាមិនល្អ សម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានអាយុកាលដ៏យូរមួយនេះ ខណៈសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលទើបបានបង្ហើតបានជាង៣ឆ្នាំ បែរជាអាចដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏គួរឱ្យមោទនៈនោះ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតថ្ងៃចុងក្រោយ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ យ៉េន ឌីណា បានក្លាយជាអ្នកស្រោចស្រង់ ដល់ក្រុមប្រដាល់គុនខ្មែរ ខណៈរូបគេ បានជម្នះការប្រកួតយ៉ាងលំបាក ក្នុងការយកឈ្នះលើកីឡាករជើងខ្លាំងរបស់ថៃ Norapat Khundam នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបានបន្តយកឈ្នះកីឡាកររបស់ម្ចាស់ផ្ទះវៀតណាម Cao Minh Phat Truong នៅវគ្គផ្ដាច់ព្រ័ត្រនោះ ដើម្បីដណ្តើមបានមេដាយមាស ដ៏គួរឱ្យរំភើប និងជាទីមោទនភាពនោះ។
ជាមួយការឈ្នះបានមេដាយមាសនេះ យ៉េន ឌីណា ខ្លួនឯង ក៏មិនគិតដល់ថា រូបគេ អាចធ្វើបាននោះទេ។ ឌីណា បាននិយាយ ក្រោយការឈ្នះបានមេដាយមាសនេះថា៖ «ការឈ្នះបានមេដាយមាស នេះ ខ្ញុំពិតជាសប្បាយរីករាយ រកពាក្យអ្វីមកថ្លែងមិនត្រូវនោះទេ ព្រោះនេះជាលើកទី១ ដែលខ្ញុំបានមកប្រកួតស៊ីហ្គេម»។
«នៅមុនការប្រកួត ខ្ញុំមិនគិតថា ខ្ញុំអាចឆ្លងបានទៅដណ្តើមយកមេដាយមាសនេះផង ព្រោះខ្ញុំប៉ះសុទ្ធតែកីឡាករល្អៗ គឺទី១ ជួបកីឡាករថៃ ដែលបានទាត់ខ្ញុំចូលកញ្ចឹងក បណ្តាលឱ្យអាជ្ញាកណ្តាលរបស់មកលើខ្ញុំ តាំងពីទឹកទី១ និងទី២ ខ្ញុំត្រូវប៉ះកីឡាករវៀតណាម ដែលខ្ញុំភ័យថា ខ្លាចគេ មិនផ្តល់ពិន្ទុឱ្យ»។ យ៉េន ឌីណា បានបញ្ជាក់ ប៉ុន្តែនៅទីបំផុត រូបគេ អាចធ្វើបាន ដើម្បីឈ្នះកីឡាករម្ចាស់ផ្ទះរូបនេះ ដោយពិន្ទុទាំង៣ទឹក ដូចការយកឈ្នះកីឡាករថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ៕