បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ បានផ្តួលក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្រោយពីសំឡេងកញ្ចែបចាប់ផ្តើមការប្រកួត ក្រុមទាំង២ បានបង្ហាញពីទម្រង់លេងយ៉ាងរស់រវើក ហើយវៀតណាម បានបង្កើតឱកាសជាច្រើន ប៉ុន្តែ ធ្វើមិនបានសម្រេច។ បន្ទាប់មក ក្រុមជម្រើសជាតិថៃ ក៏បានបង្កើតឱកាសជាច្រើនផងដែរ ខណៈដែលក្រុមទាំង២បានបង្កើតឱកាសដូចគ្នាក្នុងតង់ទី១។ ក្នុងតង់ទី២ លោក Park Hang-seo គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម បានប្តូរខ្សែប្រយុទ្ធ Nham Manh Dung ឲ្យចូលលេង ហើយការផ្លាស់ប្តូរនេះ បានក្លាយជាចំណុចកាត់សេចក្តីដ៏គួរឲ្យកត់សម្គាល់។
នៅនាទី ទី៨២ កីឡាករ Tuan Tai បានបញ្ជូនបាល់យ៉ាងល្អ ពីតំបន់ខាងឆ្វេង ហើយ Dung បានលោតតែតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីរកគ្រាប់បាល់ឈ្នះលើក្រុមជម្រើសជាតិថៃ និងបង្កើតឱមានការអបអរយ៉ាងខ្លាំងក្លា ក្នុងចំណោមអ្នកគាំទ្រនាកីឡដ្ឋាន My Dinh។ ជ័យជម្នះនេះ មានន័យថា វៀតណាម ឈ្នះមេដាយមាសលើវិញ្ញាសាកីឡាបាល់ទាត់២លើកជាប់ៗគ្នា ក្រោយពីបានឈ្នះមេដាយមាសដូចគ្នានេះកាលពីឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន៕
ប្រភពព័ត៌មាន៖ seagames2021