បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ និងក្រុមជម្រើសជាតិថៃ សុទ្ធសឹងបានទទួលជ័យជម្នះដូចគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ដែលមានន័យថា ពួកគេនឹងត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែឧសភា នាកីឡដ្ឋាន My Dinh នៅទីក្រុងហាណូយ។
ក្រុមជម្រើសជាតិថៃ បានក្លាយជាក្រុមដំបូងគេ ក្នុងការកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតលើវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស នាព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅនាទីបន្ថែម១៥នាទី២ ក្នុងលទ្ធផល ១-០។ ក្រោយពីការប្រកួតរយៈពេល៩០នាទី បើទោះបីក្រុមទាំង២ មានឱកាសរកគ្រាប់បាល់ដូចគ្នាក៏ដោយ ប៉ុន្តែ ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ និងត្រូវឈានទៅកាន់នាទីបន្ថែម១៥នាទី២ដង ដើម្បីកាត់សេចក្តីរកឈ្នះចាញ់។ បន្ទាប់មក ក្រុមជម្រើសជាតិថៃ បានរកក្រាប់បាល់ឈ្នះរបស់ខ្លួន និងបានការពារយ៉ាងរឹងមាំ រហូតដល់បញ្ចប់ការប្រកួត។
ភាពតានតឹងដូចគ្នានេះ ក៏បានកើតឡើងក្នុងការប្រកួតរវាងក្រុមទាំងជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី ផងដែរ។ ការប្រកួតនេះ មិនមានគ្រាប់បាល់បញ្ចូលទីឡើយ រហូតទាល់តែនាទី ទី១១១ នៅពេលដែលកីឡាករ Tien Linh បានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ី។ វៀតណាម បានយកឈ្នះក្នុងលទ្ធផល ១-០ នៅនាទីបន្ថែម១៥នាទី ទី២ ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៌មាន៖ Channel News Asia