បរទេស៖ វា​បានក្លាយ​ជា​រាត្រី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ក្នុង​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ World Cup​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ដែល​ជាម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប បាន​ខក​ខាន​​ក្នុងការ​ឈ្នះ​កៅអី​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​ប្រកួតនៅ កា​តា ឆ្នាំ​២០២២ និង​បែរ​ជា​ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​វគ្គ Playoff ទៅ​វិញ​។

ក្រុម​ដែលមាន​រហស្ស​នាម​ថា Azzurri មួយ​នេះ បាន​ឈាន​ទៅកាន់​ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​របស់​ខ្លួន​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អៀរ​ឡង់​ខាងជើង ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​១ក្នុងពូល C តាមរយៈ​ការ​មាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ប៉ុន្តែ ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​ទីក្រុង Belfast ស្រប​ពេល​ដែលក្រុម​ជម្រើស​ជាតិស្វ៊ីស បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ប៊ុ​លហ្គារី ៤-០ បាន​ជួយ​ឲ្យស្វ៊ីស ឈ្នះ​កៅអី​ទៅ​ប្រទេស​កាតា ជំនួស​វិញ​។ ការ​ប្រកួត​វគ្គ​ Playoff ម្តង​ទៀត នឹង​រំ​ឭក​ដល់​ការ​ចង​ចាំ​ដ៏ឈឺ​ចាប់​កាលពីឆ្នាំ​២០១៧ ដែលនៅ​ពេលនោះ អ៊ីតាលី បាន​រង​បរា​ជ័យ​ទាំង​២លើក​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត និង​បាន​អវត្តមានក្នុង​ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ខណៈ​ដែល​លទ្ធផល​នេះ ត្រូវ​បាន​ចាត់​ទុក​ថា «ជា​សោក​នាដ​កម្ម» ដោយ​កា​សែត​អ៊ីតាលី Gazzetta dello Sport​។

ប៉ុន្តែ សម្រាប់លោក Roberto Mancini ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ ការ​ធ្លាក់​ទៅ​ប្រកួត​វគ្គ Playoff គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ឡើយ​។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹងថា៖ «យើង​នឹង​ឈ្នះកៅអី​ទៅ World Cup នៅ​ខែ​មីនា ហើយ​បន្ទាប់​មក ប្រហែល​ជា​យើង​នឹង​ឈ្នះ​ពាន​នេះ​ទៀត​ក៏ថា​បាន​។ ខ្ញុំ​ពិត​ជា​ពោរ​ពេញ​ដោយ​ការ​ជឿជាក់​»៕

ប្រភព​ព័ត៌​មាន៖ BBC